លោក Prabowo ប្រាប់ UNGA ថា ឥណ្ឌូនេស៊ីត្រៀមខ្លួនដាក់កងរក្សាសន្តិភាព ២ម៉ឺននាក់ នៅហ្កាហ្សា

លោក Prabowo ប្រាប់ UNGA ថា ឥណ្ឌូនេស៊ីត្រៀមខ្លួនដាក់កងរក្សាសន្តិភាព ២ម៉ឺននាក់ នៅហ្កាហ្សា

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បាននិយាយកាលពីថ្ងៃអង្គារ (២៣ កញ្ញា) ក្នុងសុន្ទរកថាសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ UNGA ក្នុងទីក្រុងញូវយ៉កថា ប្រទេសឥណ្ឌូនេស៊ី បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការដាក់ពង្រាយកងរក្សាសន្តិភាពចំនួន ២០.០០០នាក់ នៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប ដែលហែកហួរដោយសង្រ្គាម។

លោក Prabowo សង្កត់ធ្ងន់ថា ក្នុងនាមជា “អ្នករួមចំណែកដ៏ធំបំផុតដល់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ” ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនឹងបន្ត “បម្រើដល់ទីកន្លែងដែលត្រូវការអ្នកការពារសន្តិភាព” ឱ្យបានសកម្មបំផុត។

លោក Prabowo បន្តថា៖ ប្រសិនបើ និងនៅពេលណាដែលក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតបានសម្រេចចិត្តរួច” ឥណ្ឌូនេស៊ីត្រៀមជាស្រេចក្នុងការបញ្ជូនទាហាន ២ម៉ឺននាក់ ឬ “ច្រើនជាងនេះ” ទៅ “ជួយធានាសន្តិភាពនៅហ្កាហ្សា ឬកន្លែងផ្សេងទៀតនៅប៉ាឡេស្ទីន” ជាផ្នែកនៃកម្លាំងពហុភាគីដែលរួបរួមគ្នា – បែបនេះទើបដំណោះស្រាយរដ្ឋពីរ និងសន្តិភាពទាំងនៅប៉ាឡេស្ទីន និងអ៊ីស្រាអែលអាចក្លាយជាការពិត មិនមែនគ្រាន់តែជាការស្រមៃទៀតទេ។

គួររម្លឹកថា លោក Prabowo ធ្លាប់លើកឡើងបែបនេះលើកដំបូងកាលពីឆ្នាំមុន ហើយឥណ្ឌូនេស៊ីនៅតែជាប្រទេសតែមួយគត់ដែលហ៊ានធ្វើដូច្នេះជាសាធារណៈ។ ប្រទេសអារ៉ាប់ជាច្រើនត្រូវបានរាយការណ៍ថា ក៏មានឆន្ទៈក្នុងការរួមចំណែកដល់កងកម្លាំងអន្តរជាតិក្រោយសង្គ្រាមនៅហ្កាហ្សាដែរ ប៉ុន្តែពួកគេមិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ ជាអ្វីដែលអ៊ីស្រាអែលបដិសេធយ៉ាងដាច់ខាតបំផុត៕