សាលារៀនជាច្រើននៅប្រទេសជប៉ុន បង្កើនវិធានការទប់ស្កាត់ជំងឺសុរិយរោគ

កាលពីដើមខែកក្កដា សិស្សសាលាបឋមសិក្សាពីរនាក់ ដែលលេងបាល់បោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅទីក្រុង Shizuoka ប្រទេសជប៉ុន ជាកន្លែងដែលសីតុណ្ហភាពហក់ឡើងដល់៤០អង្សាសេ។ ក្មេងប្រុសជំទង់ម្នាក់នៅខេត្ត Oita ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ បន្ទាប់ពីលេងបាល់ទាត់អំឡុងពេលសម្រាកអាហារថ្ងៃត្រង់ នៅសាលារៀន។

ដើម្បីទប់ស្កាត់ករណីបែបនេះ គ្រូបង្រៀននៅអនុវិទ្យាល័យ Shuzenji ក្នុងក្រុង Izu ខេត្ត Shizuoka បានប្រើប្រាស់ «សន្ទស្សន៍កម្តៅ» ដើម្បីកំណត់កម្រិតហានិភ័យនៃជំងឺសុរិយរោគ ជាចំនួនលេខ គណនាដោយផ្អែកលើសីតុណ្ហភាព សំណើម និងកម្រិតកម្តៅ ដែលបំភាយចេញពីដី។ សន្ទស្សន៍មានប្រាំកម្រិត រួមមាន ការប្រុងប្រយ័ត្ន ការព្រមាន ការព្រមានកម្រិតធ្ងន់ធ្ងរ និង ការធ្វើលំហាត់ប្រាណគួរតែត្រូវបានបញ្ឈប់។

សាលារៀន បានដំឡើងឧបករណ៍វាស់ស្ទង់នៅទីតាំងចំនួនប្រាំក្នុងបរិវេណសាលា រួមមានបន្ទប់រៀន កន្លែងហាត់ប្រាណ និងកន្លែងសិស្សលេង។

នៅពេលដែលសន្ទស្សន៍ឈានដល់កម្រិតខ្ពស់បំផុត សាលារៀននឹងផ្សព្វផ្សាយការព្រមាន និងពិគ្រោះយោបល់ជាមួយគ្រូបង្រៀនអំពីការកែប្រែសកម្មភាពរបស់សិស្ស។ នាយករងសាលារៀន បាននិយាយថា តាមរយៈការដឹងពីសន្ទស្សន៍កម្តៅ មិនត្រឹមតែគ្រូបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសិស្សខ្លួនឯងផងដែរ កាន់តែមានស្មារតីបន្ថែមទៀតក្នុងការចាត់វិធានការប្រឆាំងជំងឺសុរិយរោគ ។

ការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយ NHK កាលពីពេលថ្មីៗនេះ លើក្រុមប្រឹក្សាអប់រំចំនួន៧៤ស្ថាប័ន នៅទូទាំងប្រទេស បានរកឃើញថាសាលារៀនជាច្រើន កំពុងប្រើប្រាស់មាត្រដ្ឋានវាយតម្លៃពីហានិភ័យស្រដៀងគ្នានេះ ទោះបីជាមួយចំនួន នៅតែប្រឈមមុខទៅនឹងបញ្ហានៃរបៀបដាក់ទិន្នន័យទៅជាសកម្មភាពក៏ដោយ។ ជាង៨០ ភាគរយ បាននិយាយថាពួកគេបានអនុវត្តឧបករណ៍វាស់សន្ទស្សន៍កម្តៅនៅក្នុងសាលារៀន។