ក្រុមបដិបក្ខប៉ាឡេស្ទីន ចុះហត្ថលេខាលើសេចក្តីប្រកាសផ្សះផ្សារគ្នា បន្ទាប់ពីកិច្ចចរចានៅចិន

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឱ្យដឹងថា ក្រុមបដិបក្ខប៉ាឡេស្ទីនជាច្រើនក្រុមផ្សេងៗគ្នាបានយល់ព្រមបញ្ចប់ការបែកបាក់របស់ពួកគេ និងពង្រឹងការរួបរួមរបស់ប៉ាឡេស្ទីន ដោយការចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងប៉េកាំង នៅព្រឹកថ្ងៃអង្គារ (២៣ កក្កដា) នេះនៅក្នុងប្រទេសចិន។

ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា សេចក្តីប្រកាសនេះត្រូវបានចុះហត្ថលេខានៅក្នុងពិធីបិទកិច្ចសន្ទនានៃការផ្សះផ្សារក្នុងចំណោមក្រុមជម្លោះជាច្រើនដែលបានធ្វើឡើងនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២១-២៣ ខែកក្កដា។

សារព័ត៌មាន CGTN បាននិយាយនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រុមបដិបក្ខប៉ាឡេស្ទីនសរុបចំនួន ១៤ ក្រុមរួមទាំងមេដឹកនាំនៃក្រុមគូប្រជែង ហ្វាតា (Fatah) និង ហាម៉ាស (Hamas) ក៏បានជួបជាមួយប្រព័ន្ធផ្សព្វផ្សាយ ដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) មានវត្តមានផងដែរ។

ក្រុមហាម៉ាស គ្រប់គ្រងតំបន់ហ្កាហ្សា ខណៈក្រុមហ្វាតា គ្រប់គ្រងដោយផ្នែកនៃរដ្ឋបាលនៅតំបន់ វេសបែង (West Bank)។ ភាគីទាំងពីរបានជាប់គាំងនៅក្នុងការប្រកួតប្រជែងដ៏ជូរចត់មួយចាប់តាំងពីការបោះឆ្នោតអាជ្ញាធរប៉ាឡេស្ទីនឆ្នាំ២០០៦ មក។ សេចក្ដីប្រកាសនៅទីក្រុងប៉េកាំង នេះត្រូវបានគេមើលឃើញថាមានសារៈសំខាន់សម្រាប់ការបញ្ចប់ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលកំពុងបន្ត៕