ប្រភព៖ អ៊ីរ៉ាក់ គិតចង់ដកកងកម្លាំងដឹកនាំដោយអាមេរិក ចេញពីប្រទេសចាប់ពីខែកញ្ញា

ប្រភពបួនរបស់អ៊ីរ៉ាក់បាននិយាយថា អ៊ីរ៉ាក់ចង់ឱ្យកងទ័ពពីសម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិក ចាប់ផ្តើមដកខ្លួននៅខែកញ្ញា និងបញ្ចប់ការងាររបស់សម្ព័ន្ធនេះជាផ្លូវការត្រឹមខែកញ្ញា ឆ្នាំ២០២៥ ដោយកងកម្លាំងអាមេរិកមួយចំនួនទំនងជានៅតែស្ថិតក្នុងប្រទេសនេះក្នុងសមត្ថភាពប្រឹក្សាយោបល់ថ្មី។

ប្រភពអ៊ីរ៉ាក់ និងមន្ត្រីអាមេរិកបាននិយាយថា ជំហររបស់អ៊ីរ៉ាក់ កំពុងត្រូវបានពិភាក្សាជាមួយមន្ត្រីអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះក្នុងកិច្ចប្រជុំកំពូលសន្តិសុខ ហើយមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការស្តីពីការបញ្ចប់សម្ព័ន្ធភាព ឬតារាងពេលវេលាពាក់ព័ន្ធណាមួយនៅឡើយទេ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាស៊ូ មីលឡឺ (Mathew Miller) បានប្រាប់សារព័ត៌មានថា ភាគីទាំងពីរកំពុងជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ ដើម្បីកំណត់ពីមធ្យោបាយផ្លាស់ប្តូរបេសកកម្មរបស់ក្រុមចម្រុះដឹកនាំដោយអាមេរិក ដោយផ្អែកលើការគំរាមកំហែងដែលបង្កឡើងដោយក្រុមរដ្ឋអ៊ិស្លាម ប៉ុន្តែមិនបាននិយាយពីមានលម្អិតបន្ថែមនោះទេ។

កងកម្លាំងដឹកនាំដោយអាមេរិក បានលុកលុយអ៊ីរ៉ាក់ ក្នុងឆ្នាំ២០០៣ ដើម្បីផ្តួលរំលំអតីតមេដឹកនាំ លោក សាដាម ហូសេន (Saddam Hussein) បន្ទាប់មកបានដកចេញនៅឆ្នាំ២០១១ ហើយត្រលប់ទៅវិញក្នុងឆ្នាំ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម។ បច្ចុប្បន្ន អាមេរិកមានកងទ័ពប្រហែល ២.៥០០នាក់នៅអ៊ីរ៉ាក់ ជាប្រមុខនៃក្រុមចម្រុះដែលមានសមាជិកជាង ៨០ប្រទេស ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដើម្បីកម្ចាត់ក្រុមរដ្ឋអ៊ិស្លាម ខណៈក្រុមភេរវករមួយនេះបានវាយលុកពាសពេញអ៊ីរ៉ាក់ និងស៊ីរី៕