រដ្ឋមន្ត្រីដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក លោក Sean Duffy បាននិយាយកាលពីថ្ងៃសុក្រ ទី២៤ ខែតុលាថា លោករំពឹងថានឹងមានការពន្យារពេលជើងហោះហើរបន្ថែមទៀត ខណៈអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសនឹងខកខានការទទួលបានប្រាក់ខែដំបូងរបស់ខ្លួន ដោយសារតែការបិទរដ្ឋាភិបាល ដែលពេលនេះបានអូសបន្លាយពេលដល់២៤ថ្ងៃ។
អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសប្រហែល ១៣.០០០នាក់ និងមន្ត្រីរដ្ឋបាលសន្តិសុខដឹកជញ្ជូនប្រហែល៥០.០០០នាក់ កំពុងធ្វើការដោយគ្មានប្រាក់ឈ្នួលក្នុងអំឡុងការបិទរដ្ឋាភិបាល។ អ្នកត្រួតពិនិត្យ នឹងខកខានការទទួលបានប្រាក់ខែពេញលេញលើកដំបូងរបស់ខ្លួននៅថ្ងៃអង្គារ សប្តាហ៍ក្រោយ។
លោក Duffy បានប្រាប់សារព័ត៌មាន Fox News ថា «ខ្ញុំគិតថា ខណៈយើងកាន់តែខិតជិតដល់ថ្ងៃអង្គារនិងពេលបន្ទាប់ នោះអ្នកនឹងមើលឃើញការរំខានកាន់តែច្រើនទៀត»។ លោកបាននិយាយបន្ថែមថា សាលាគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធនឹងអស់ប្រាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដោយសិស្សមួយចំនួន បានដកខ្លួនចេញរួចហើយ។
ក្រុមហ៊ុនអាកាសចរណ៍កំពុងត្រៀមទប់ទល់ទៅនឹងការរំខានកាន់តែទូលំទូលាយបន្ទាប់ពីអវត្តមានបុគ្គលិកបណ្តាលឱ្យមានការពន្យារពេលជើងហោះហើរចំនួន៦,៦ភាគរយកាលពីថ្ងៃព្រហស្បតិ៍។

Leave a Reply