ប្រមុខការទូតរបស់អ៊ុយក្រែន នៅក្នុងប្រទេសចិន សម្រាប់កិច្ចពិភាក្សាស្តីពីការបញ្ចប់សង្គ្រាម

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) ស្ថិតនៅក្នុងប្រទេសចិន កាលពីថ្ងៃអង្គារ (២៣ កក្កដា) សម្រាប់កិច្ចពិភាក្សាអំពីមធ្យោបាយដែលមន្ត្រីនៅទីនោះអាចជួយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ខណៈទំនាក់ទំនងរវាងទីក្រុងមូស្គូ ជាមួយទីក្រុងប៉េកាំង បានរីកចម្រើនកាន់តែខ្លាំងចាប់តាំងពីជម្លោះបានចាប់ផ្តើម។

ប្រទេសចិន បង្ហាញខ្លួនឯងថាជាភាគីអព្យាក្រឹតក្នុងសង្គ្រាម ហើយនិយាយថាខ្លួនមិនបញ្ជូនជំនួយដែលបង្កគ្រោះថ្នាក់ដល់ជីវិតទៅភាគីណាមួយទេ មិនដូចសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតឡើយ។ ទោះជាយ៉ាងណាក៏ដោយ ភាពជាដៃគូ «គ្មានដែនកំណត់» កាន់តែស៊ីជម្រៅរបស់ខ្លួនជាមួយរុស្ស៊ី បាននាំឱ្យសមាជិកណាតូ ចោទចិនថាជា «អ្នកជួយដោយប្រយោល» នៃសង្គ្រាមរបស់ទីក្រុងមូស្គូ ប៉ុន្តែចិន បដិសេធ។

ដំណើរទស្សនកិច្ចរបស់លោក Kuleba រហូតដល់ថ្ងៃសុក្រ (២៤ កក្កដា) ស្អែកនេះគឺជាលើកទីមួយរបស់លោក ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ទីក្រុងគីវ បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Kuleba នឹងផ្តោតលើ «វិធីដើម្បីបញ្ឈប់សង្រ្គាម» ក៏ដូចជា «តួនាទីដែលអាចធ្វើទៅបានរបស់ចិន ក្នុងការសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាព និងយុត្តិធម៌»។

ក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃអង្គារថា កិច្ចពិភាក្សានឹងផ្តោតលើ «ការជំរុញកិច្ចសហប្រតិបត្តិការចិន-អ៊ុយក្រែន និងបញ្ហាផលប្រយោជន៍រួមផ្សេងទៀត»៕