បណ្តាក្រសួង ស្ថាប័នរួមទាំងអាជ្ញាធររាជធានី និង​ខេត្តចេញ​ញត្តិគាំទ្រ​សារពិសេស​របស់​សម្តេចតេជោ​ស្តីពីCLV

ភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បាន​ចេញសារពិសេសបកស្រាយយ៉ាងច្បាស់លាស់ ស្តីពីក្របខណ្ឌកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថាCLVនោះ ថ្នាក់ដឹកនាំនៅតាមបណ្តា​ក្រសួង ស្ថាប័ន អាជ្ញាធររាជធានី ខេត្ត បណ្តាគណបក្សនយោបាយនានា និងបង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ បានចេញញត្តិប្រកាសគាំទ្រនូវសារពិសេសនេះយ៉ាងពេញទំហឹង ហើយជាមួយគ្នានេះពួក​គេ​ក៏បាន​ប្រកាស​ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនដែលបានញុះញង់ និងបំភ្លៃការពិត​ចំពោះ​ករណី​ខាង​លើនេះផងដែរ។

តាមរយៈញត្តិប្រកាសគាំទ្រដល់សារពិសេសសម្តេចតេជោ ហ៊ុន សែន ដាច់ដោយឡែកពីគ្នាដែល ទូរ​ទស្សន៍BTV ទទួលបានជាបន្តបន្ទាប់នាថ្ងៃនេះ បានលើកឡើងថា សូមប្រកាស​គាំទ្រ​យ៉ាងពេញ​ទំហឹង​ចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម​(CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហ​ប្រតិបត្តិការ​នេះ​ធ្វើឱ្យបាត់បង់ទឹកដីរបស់កម្ពុជានោះ។

ក្នុងញត្តិរបស់ថ្នាក់ដឹកនាំ បណ្តាក្រសួង ស្ថាប័ន អាជ្ញាធរ និងបណ្តា​គណបក្ស​នយោបាយ​ទាំង​នោះ​បាន​លើកឡើងទៀតថា«យើងសូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការ ចំពោះ​ការ​ញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការ​អភិវឌ្ឍ​នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមបន្តចូលរួម និងគាំទ្រ​យ៉ាងពេញ​ទំហឹង​ដល់​ការ​អនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀត​ណាម​នេះ​ដើម្បី​ឧត្តម​ប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនជាដើម»។

សូមបញ្ជាក់ថាកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជា​គំនិត​ផ្តួច​ផ្តើម​ដំបូង​របស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋ​មន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបីនេះ ធ្វើ​យ៉ាង​ណា​ប្រែ​​ក្លា​យព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមក​ដល់​ឆ្នាំ​២០២៤​នេះ ​កិច្ចប្រជុំក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើង​ចំនួន​១១​លើករួ​ច​មក​ហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាងប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។

គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និង​ការ​ជឿ​ទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការ​ដោះ​ស្រាយ​បញ្ហាតាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការ​តភ្ជាប់​ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែនការលើកកម្ពស់វិស័យទេសចរណ៍ ដែលជា​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំង​ប្រទេស​ផង​ដែរ​។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមាន​ប្រសិទ្ធ​ភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណីដូចជា ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការ​ជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។

បើតាម​សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងថា កម្ពុជា បានទទួល​ផល​ច្រើន​ជាង​ប្រទេសឡាវ និងវៀតណាម ចំពោះក្របខណ្ឌកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​តំប​ន់​ត្រី​កោណ ដែលហៅកាត់ថា CLV ខណៈផ្តួចផ្តើមឲ្យមានក្របខណ្ឌនេះគឺសម្តេចតែម្តងពុំមែនភាគី វៀត​ណាមដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចនោះឡើយ។

តាមរយៈ​ផ្ញើសារពិសេសជូនដល់បងប្អូនប្រជាពលរដ្ឋនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ទាក់​ទង​នឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ(CLV)នោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា​ក្រោយ​បង្កើត​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​(CLV)​ក្នុង​ឆ្នាំ​១៩៩៩​នោះ គឺបានជួយសម្រួលដល់បង ប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងបីបានច្រើន ខណៈ​ប្រជា​ពលរដ្ឋខ្លះមានបញ្ហាសុខភាព ជាពិសេសស្រ្តីមាន ផ្ទៃពោះ​គឺ​បាន​បញ្ជូន​ពួក​គាត់​ទៅ​កាន់​មន្ទីរ​ពេទ្យ​បាន​ទាន់ពេលវេលា បន្ទាប់ពីធ្វើនូវហេដ្ឋារចនាសម្ព័ន្ធស្រួលហើយនោះ៕ អត្ថបទ៖ បាន ចក់