លោក Trump និយាយថា លោកមានបំណងចង់ជជែកដេញដោលជាមួយលោកស្រី Harris

បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកមានឆន្ទៈក្នុងការជជែកដេញដោលតស៊ូមតិជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ដែលទំនងនឹងក្លាយជាគូប្រជែងខាងប្រជាធិបតេយ្យរបស់លោក ប៉ុន្តែបានលើកឡើងថាលោកចង់បានបណ្តាញផ្សេងក្រៅពីទូរទស្សន៍ ABC News ដើម្បីធ្វើជាម្ចាស់ផ្ទះវេទិកានេះ។

លោក Trump បាននិយាយកាលពីថ្ងៃអង្គារ (២៣ កក្កដា) ក្នុងការហៅទូរស័ព្ទជាមួយអ្នកសារព័ត៌មានថា «ខ្ញុំចង់ជជែកដេញព្រោះគិតថាវាសំខាន់ណាស់ ហើយខ្ញុំចង់ធ្វើការជជែកដេញដោលច្រើនជាងមួយលើក ប្រសិនបើអាច»។ អ្នកតំណាងសម្រាប់យុទ្ធនាការរបស់លោកស្រី Harris មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំធ្វើអត្ថាធិប្បាយទេ។

លោក Trump ធ្លាប់ត្រូវបានកំណត់ពេលដើម្បីជជែកដេញដោលជាមួយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នៅក្នុងព្រឹត្តិការណ៍ខែកញ្ញា ដែលរៀបចំដោយទូរទស្សន៍ ABC News នៅមុនពេលលោកចាកចេញពីការប្រជែងអាណត្តិថ្មី និងគាំទ្រលោកស្រី Harris។ លោក Trump និយាយថាលោក «មិនសូវពេញចិតុ្ត» ឱ្យ ABC ដែលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះទេ ដោយហៅបណ្តាញផ្សព្វផ្សាយនេះថា «ព័ត៌មានក្លែងក្លាយ» ប៉ុន្តែក៏មិនបាននិយាយថាលោកមិនចូលរួមនោះដែរ។

ការជជែកដេញដោលកាលពីថ្ងៃទី២៧ ខែមិថុនា រវាងលោក Biden ទល់និងលោក Trump គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៃយុទ្ធនាការប្រធានាធិបតីឆ្នាំ២០២៤។ ការធ្វើមិនបានល្អរបស់លោក Biden ក្នុងពេលនោះបានជំរុញឱ្យមានការព្រួយបារម្ភពីវ័យ និងស្មារតីផ្លូវចិត្តរបស់លោក ដែលនាំឱ្យមានយុទ្ធនាការដាក់សម្ពាធរយៈពេលមួយសប្តាហ៍ដើម្បីឱ្យលោកដកបេក្ខភាព ហើយទីបំផុតលោក Biden ក៏ព្រមដកខ្លួនកាលពីថ្ងៃអាទិត្យ (២១ កក្កដា) សប្ដាហ៍មុន៕