តូក្យូ ៖ ភាគហ៊ុននៅក្នុងឧស្សាហកម្មទេចរណ៍របស់ជប៉ុនបានដាំក្បាលចុះយ៉ាងគំហុក បន្ទាប់ពីប្រទេសចិនបានប្រាប់ពលរដ្ឋរបស់ខ្លួន មិនឲ្យទៅលេងកម្សាន្តនៅប្រទេសជប៉ុន ជុំវិញការអត្ថាធិប្បាយរបស់លោកស្រី នាយករដ្ឋមន្ត្រី Sanae Takaichi អំពីកោះតៃវ៉ាន់ ។
បើតាមសារព័ត៌មាន CNA, ភាគហ៊ុនរបស់ក្រុមហ៊ុនផ្សារទំនើប Isetan Mitsukoshi បានធ្លាក់ចុះជាង ១១ ភាគរយ ខណៈក្រុមហ៊ុនគូប្រជែងរបស់ខ្លួនគឺ Takashimaya បានធ្លាក់ចុះប្រហែល ៥ ភាគរយ ស្របពេលសន្ទស្សន៍ភាគហ៊ុន Nikkei បានធ្លាក់ចុះ ០.៧ ភាគរយ ។
ចំណែកក្រុមហ៊ុនគ្រឿងសំអាង Shiseido បានធ្លាក់ចុះប្រហែល ៩.៥ ភាគរយ ខណៈក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបានធ្លាក់ចុះប្រហែល ៤ ភាគរយ ប្រហាក់ប្រហែលទៅនឹងក្រុមហ៊ុន Fast Retailing ដែលបានធ្លាក់ចុះប្រហែល ៥ ភាគរយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន ដែលទើបឡើងកាន់តែតំណងថ្មីថ្មោង បានអត្ថាធិប្បាយថា ប្រសិនបើមានការវាយប្រហារលើកោះតៃវ៉ាន់ ចម្ងាយប្រហែល១០០ គីឡូម៉ែត្រពីកោះជប៉ុន នោះរដ្ឋាភិបាលក្រុងតូក្យូ អាចគាំទ្រផ្នែកយោធាជួយដល់តៃវ៉ាន់ មានទាំងបញ្ចេញនាវាចម្បាំងផងដែរ ។
ក្រោយលេចចេញសម្តីបែបនេះ ចិន និងជប៉ុន បានកោះហៅឯកអគ្គរដ្ឋទូត ទៅវិញទៅមក ។ បន្ទាប់មក ទីក្រុងប៉េកាំងបានណែនាំដល់ពលរដ្ឋរបស់ខ្លួន ឱ្យចៀសវាងការធ្វើដំណើរ ទៅកាន់ប្រទេសជប៉ុន ។ យ៉ាងណា មន្ត្រីកំពូលប្រចាំនៅក្រសួងការបរទេសជប៉ុន ទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក បានធ្វើដំណើរ ទៅកាន់ប្រទេសចិនដើម្បីចរចាពីបញ្ហានេះផងដែរ។
បើតាមអង្គការទេសចរណ៍ជាតិជប៉ុន, ប្រទេសចិនគឺជាប្រភពភ្ញៀវទេសចរបរទេសដ៏ធំបំផុតរបស់ជប៉ុន ដែលមានប្រមាណ ២៤ ភាគរយនៃការមកដល់របស់ភ្ញៀវទេសចរសរុបចំនួន ៣១ លាន ៦ សែន ៥ ម៉ឺននាក់ ក្នុងរយៈពេល ៩ ខែនៃឆ្នាំនេះ ៕
ប្រភពពី CNA

Leave a Reply