រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជាស្នើឱ្យមានបទបញ្ញត្តិច្បាស់លាស់អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាត

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី វប្បធម៌របស់កម្ពុជាបានស្នើសុំឱ្យ​មាន​បទបញ្ញត្តិច្បាស់លាស់អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាតនោះឡើយ។

គួរបញ្ជាក់ថា ការស្នើសុំពីសំណាក់ រដ្ឋមន្រ្តីក្រសួង​វប្បធម៌របស់កម្ពុជាបែបនេះធ្វើឡើងក្រោយពីប្រទេសមួយចំនួនបានលួចចម្លងប្រាសាទអង្គរវត្តកម្ពុជា ក៏ដូចជា​ស្នា​ដៃស្ថាបត្យកម្មដ៏អច្ឆរិយៈរបស់កម្ពុជាមួយចំនួនទៀត ដោយពុំមានការស្នើសុំ ឬការអនុញ្ញត្តិណាមួយពីម្ចាស់​ប្រទេសនោះឡើយ។

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ការស្នើសុំពីភាគី​កម្ពុជា​នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ​។

ក្នុងកិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និង​មានការចូលរួមដោយ ឯកឧត្តម khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ។

ដោយថ្លែងក្នុងបទអន្តរាគមន៍គន្លឹះ លោកជំទាវ​បណ្ឌិត្យ​សភា​ចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌​និង វិចិត្រសិល្បៈ បានបង្ហាញពីភាពជោគជ័យ នៃកិច្ចសហ​ប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនិងបណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិនាពេលកន្លងមក។

ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យ​ក៏បាន​ទាញចំណាប់អារម្មណ៍នៃកិច្ចប្រជុំទាំងមូលស្តីអំពីនិន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំនូវ​ទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោក និង​កង្វះ​ខាតនូវបទបញ្ញត្តិ នៃការប្រតិបត្តិ ក្នុងអនុ​សញ្ញា ឆ្នាំ​១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២​នាពេលកន្លងមក​៕