កម្ពុជា-វៀតណាម បញ្ជាក់អំពីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត

ព្រៃវែង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាស នៃពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ (ខេត្តព្រៃវែងរបស់កម្ពុជា)-តឹនណាម (ខេត្តតៃនិញរ បស់វៀតណាម)ដោយភាគីទាំងពីរ នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត ។

អាន៖ក្នុងជំនួបកាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ​ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែន ម៉ឺនជ័យ-តឹនណាម ដែលជាសមិទ្ធផលថ្មីឆ្លុះបញ្ចាំងពីភាពរីក​ចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ទន្ទឹមនេះ, ឯកឧត្តមបានអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលថ្មីៗ របស់កម្ពុជា ក្នុងការធានាបាននូវស្ថិរភាព​នយោបាយ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាលំដាប់។ ឯកឧត្តម បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចបវរធិបតី កម្ពុជានឹងបន្តការអភិវឌ្ឍរីកចម្រើន​លើគ្រប់វិស័យបន្ថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្ត ក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម សម្រាប់ការស្វាគមន៍​យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ​បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។

សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ បន្តរួមគ្នាកសាងតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីផលប្រយោជន៍រួម ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

សម្ដេចបវរធិបតីបានបន្តថា ការសម្ពោធបើកច្រកទ្វារព្រំដែន ម៉ឺនជ័យ-តឹនណាម នាឱកាសនេះ គឺជាសក្ខីភាព ស្ដែងចេញពី ការវិវត្តជាវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

សម្ដេចបវរធិបតី ក៏បានកោតសរសើរចំពោះការអភិវឌ្ឍលើគ្រប់វិស័យ របស់ប្រទេសវៀតណាម និងបានចូលរួមរំលែកទុក្ខដ៏​ក្រៀមក្រំជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះគ្រោះទឹកជំនន់នៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ដែលបានបណ្ដាលឱ្យបាត់បង់អាយុជីវិតប្រជាជន និងខូចខាតទ្រព្យសម្បត្តិ។

ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែជិត​ស្និទ្ធ ដោយផ្ដោតលើវិស័យសំខាន់ៗរួមមាន៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិ និងសន្តិសុខ, អប់រំ និងបណ្ដុះបណ្ដាល, សុខាភិបាល, ទេសចរណ៍, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន, ក៏ដូចជាការតភ្ជាប់ហេដ្ឋា​រចនាសម្ព័ន្ធនៃប្រទេសទាំងពីរ។

លើសពីនេះសម្ដេចបវរធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការនៅក្នុង​ក្របខ័ណ្ឌ​អនុតំបន់ តំបន់ និងអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ៕
ដោយ៖ វណ្ណលុក