មិនតម្រូវឱ្យបង់ប្រាក់សម្រាប់ឡានដឹកអំណោយទៅជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង តាមផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ

មិនតម្រូវឱ្យបង់ប្រាក់សម្រាប់ឡានដឹកអំណោយទៅជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង តាមផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ

ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងស្តីពីការលើកលែងកម្រៃសេវា​រថយន្ត​ដឹកជញ្ជូន​គ្រឿងឧបភោគ បរិភោគនិងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាម​ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដើម្បីផ្ដល់​ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង។

ក្រសួងសាធារណការនិងដឹកជញ្ជូន​នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានជូនដំណឹងដល់ក្រសួង ស្ថាប័នរដ្ឋ និងឯកជន​អង្គការមហាជន និងសប្បុរសជនទូទៅទាំងអស់ ដែលមានបំណងដឹកជញ្ចូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់​ចាំបាច់​យកទៅផ្តល់ជូនពលរដ្ឋភៀសសឹកនៅ​ខេត្ត​កោះកុង និងត្រូវធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ថា ដើម្បី​សម្រួលបន្ទុកចំណាយ និងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ងាយស្រួល និងរហ័ស ក្រសួងបានសម្របសម្រួល​ជាមួយ​ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះ​សីហនុ ដោយក្នុងន័យមនុស្សធម៌ ក្រុមហ៊ុនបានឯកភាពមិនយកកម្រៃសេវាចំពោះ​រថយន្ត​ដឹកជញ្ជូនគ្រឿងឧបភោគ​បរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់សម្រាប់ឧបត្ថម្ភតាមតំបន់ភៀសសឹកនានា។

ប៉ុន្តែដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទាំងអស់នេះ ក្រសួងសាធារណការបានប្រាប់ថា សូមក្រសួង ស្ថាប័នរដ្ឋ និងឯកជន​អង្គការមហាជន និងសប្បុរសជនទូទៅធ្វើការទំនាក់ទំនងមកក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈ​​លេខ​ទូរសព្ទ ០១២ ៩៧២ ០២៧ ដើម្បីក្រសួងសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន។ការលើកលែង​កម្រៃសេវា​ប្រើប្រាស់​ផ្លូវល្បឿនលឿននេះ អនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕