ចារកម្មអាមេរិក ៖ លោក ពូទីន ចង់លេបយកទឹកដីអ៊ុយក្រែនទាំងមូល

វ៉ាស៊ីនតោន ៖ របាយការណ៍របស់ចារកម្មអាមេរិកបន្តព្រមានថា គោលបំណងសង្គ្រាមរបស់លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន គឺការវាយដណ្តើមយកទឹកដីរបស់ប្រទេសអ៊ុយក្រែនទាំងមូលតែម្តង ។

បើតាមប្រភពចំនួន ៦ រួមទាំងចារកម្មអាមេរិក, លោកប្រធានាធិបតី ពូទីន មិនបានបោះបង់ចោលគោលដៅរបស់គាត់ នៅក្នុងការទាមទារយកផ្នែកខ្លះនៃទ្វីបអឺរ៉ុប ដែលធ្លាប់ជាកម្មសិទ្ធិរបស់អតីតចក្រភពសូវៀតនោះទេ ទោះបីជាក្រុមចរចាព្យាយាមបញ្ចប់សង្គ្រាមក៏ដោយ ។

ដំណឹងសម្ងាត់របស់អាមេរិកមានភាពស៊ីសង្វាក់គ្នារហូតមក ចាប់តាំងពីមេដឹកនាំរុស្ស៊ីរូបនេះ បើកយុទ្ធនាការយោធាទ្រង់ទ្រាយធំនៅឆ្នាំ ២០២២ ប្រឆាំងបននឹងអ៊ុយក្រែន ។

ជាងនេះទៅទៀត របាយការណ៍ចារកម្មភាគច្រើនស្របនឹងទស្សនៈរបស់មេដឹកនាំអឺរ៉ុប និងភ្នាក់ងារចារកម្មផ្សេងទៀត ដែលថា លោក ពូទីន ចង់បានទឹកដីអ៊ុយក្រែនទាំងមូល និងទឹកដីនៃរដ្ឋប្លុកសូវៀតពីមុន រួមទាំងសមាជិកនៃសម្ព័ន្ធណាតូផងដែរ ។

ទោះបីជាយ៉ាងណា ប្រធានាធិបតីរុស្ស៊ីមានវ័យ៧៣ឆ្នាំរូបនេះ កន្លងមក តែងតែអះអាងជារឿយៗថា រូបលោកគ្មានបំណងវាយប្រហារសមាជិកណាតូនោះទេ ប៉ុន្តែក៏មិនបានបង្ហើប ឬច្រានចោលលទ្ធភាពវាយដណ្តើមទឹកដីអ៊ុយក្រែនទាំងមូលនោះទេ ។

យោងតាមសេចក្តីរាយការណ៍របស់រ៉យទ័រ, មកទល់ពេលនេះ រុស្ស៊ីបានគ្រប់គ្រងទឹកដីអ៊ុយក្រែនប្រហែល ២០% រួចទៅហើយ រួមទាំងភាគច្រើននៃតំបន់ លូហាន់ស៍ និង ដូណេតស៍ ជាខេត្តឧស្សាហកម្មនៃតំបន់ ដុសបាស់ ព្រមទាំងផ្នែកខ្លះនៃតំបន់ ហ្សាប៉ូរីហ្ស៊ីយ៉ា និង ខើសុន ក៏ដូចជាឧបទ្វីបគ្រីមៀ ដែលជាតំបន់យុទ្ធសាស្ត្រសមុទ្រខ្មៅ ៕

ប្រភព ៖ រ៉យទ័រ