មីយ៉ាន់ម៉ាលុបចោលបម្រាមគោចរ មុនការបោះឆ្នោត

ណៃពិដោ ៖ មីយ៉ាន់ម៉ា បានប្រកាសពីការលុបចោលបម្រាមគោចរ នៅ១ថ្ងៃ មុនពេលការបោះឆ្នោតសកលចាប់ផ្ដើម។ បំរាមនេះ ត្រូវបានដាក់ឱ្យអនុវត្ត នៅក្នុងទីក្រុង Yangon ចាប់តាំងពីមានរដ្ឋប្រហារ កាលពីឆ្នាំ២០២១។

របបសឹកមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ បានប្រកាសថា បម្រាមគោចរ ដែលអនុវត្តពីម៉ោង១យប់ ដល់ម៉ោង៣ទៀបភ្លឺ នឹងត្រូវបានលុបចោល នៅថ្ងៃសៅរ៍នេះ។

អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បានអះអាង តាមរយៈសេចក្ដីថ្លែងការណ៍ ថា «ស្ថិរភាពតំបន់ក្នុងទីក្រុង Yangon បច្ចុប្បន្នកំពុងមានភាពល្អប្រសើរឡើង ហើយការសម្រេចចិត្តលុបចោលបម្រាមគោចរនេះទៀតសោតធ្វើឡើងក្នុងគោលបំណងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សង្គម និងសាសនាមានភាពល្អប្រសើរឡើង ព្រមទាំងដើម្បី ប្រយោជន៍នៃការធ្វើដំណើរ ឬការដឹកជញ្ជូនរបស់ប្រជាជន ក៏ដូចជាធ្វើឱ្យការធ្វើពាណិជ្ជកម្មមានភាពល្អប្រសើរឡើង»។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា គ្រោងរៀបចំការបោះឆ្នោត ជាបីដំណាក់កាល ចន្លោះពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ រហូតដល់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។

យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលស៊ីវិល ចេញពីអំណាច កាលពីឆ្នាំ២០២១ ដែលបានបង្កទៅជាបាតុកម្មគាំទ្រប្រជាធិបតេយ្យ នៅទូទាំងប្រទេស។ នៅពេលនោះ របបសឹកមីយ៉ាន់ម៉ាបានប្រកាសដាក់បម្រាមគោចរ នៅពេលយប់នៅក្នុងទីក្រុង Yangon ដែលមានប្រជាជនរស់នៅជាង ៧លាននាក់៕

ប្រភពពី AFP