លោក Netanyahu ហោះទៅជួបលោក Trump ស្អែកនេះ

ហ្ស៊េរុយសាឡិម ៖ មេធំអ៊ីស្រាអែល ជើងខ្លាំងធ្វើសង្គ្រាម លោក Netanyahu គ្រោងនឹងហោះទៅជួបលោក Trump ដល់ទឹកដីសហរដ្ឋអាមេរិក នាថ្ងៃចន្ទ ស្អែកនេះ។

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី អ៊ីស្រាអែល គ្រោងនឹងទៅជួបប្រធានាធិបតីអាមេរិក លោក Donald Trump នៅរដ្ឋ Florida នៅថ្ងៃទី២៩ ខែធ្នូ នេះបើតាមន្ត្រីអ៊ីស្រាអែល ថ្លែងបានប្រាប់សារព័ត៌មាន AFP។

ជំនួបនេះ ត្រូវបានគេមើលឃើញថា ជាដំណើរទស្សនកិច្ចដ៏សំខាន់ សម្រាប់ជំហានបន្ទាប់ នៃផែនការបទឈប់បាញ់ Gaza ដ៏ផុយស្រួយ។

បើពិតមែន, វានឹងក្លាយជាដំណើរទស្សនកិច្ច លើកទី៥ របស់លោក Netanyahu ក្នុងការទៅជួបលោក Trump ដែលជាសម្ព័ន្ធមិត្តសំខាន់ នៅសហរដ្ឋអាមេរិក អំឡុងឆ្នាំ២០២៥នេះ។

ដំណើរទស្សនកិច្ច របស់លោក Benjamin Netanyahu ដែលគ្រោងមានកើតឡើង ស្រពេលដែល រដ្ឋបាលរបស់លោក Trump និង អ្នកសម្រុះសម្រួល ក្នុងតំបន់ បានជំរុញឱ្យបន្តទៅដំណាក់កាលទីពីរ នៃ បទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា ស្ទ្រីប។

មន្ត្រីអ៊ីស្រាអែលម្នាក់ កាលពីថ្ងៃសៅរ៍ បាននិយាយថា លោក Netanyahu នឹងចាកចេញទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី២៨ ខែធ្នូ ហើយត្រូវជួបជាមួយ លោក Trump មួយថ្ងៃក្រោយមក នៅក្នុងរដ្ឋ Florida តែមិនផ្តល់ទីតាំងជាក់លាក់ ណាមួយឡើយ។

ប្រធានាធិបតីអាមេរិក លោក Donald Trump ធ្លាប់បានប្រាប់អ្នកយកព័ត៌មាន នៅពាក់កណ្តាលខែធ្នូ ថា លោក Netanyahu ប្រហែលជាទៅលេងរូបលោក នៅរដ្ឋ Florida ក្នុងអំឡុងឱកាសពិធីបុណ្យណូអែល៕

ប្រភពពី AFP