ជនជាតិវៀតណាមចាយ កើនដល់២៧ពាន់លានដុល្លារលើសុខភាព ក្នុង១ឆ្នាំ

ហាណូយ ៖ ប្រជាជនវៀតណាមបានចំណាយប្រាក់ កើនដល់ ជាង២៧ពាន់លានដុល្លារ លើការថែទាំសុខភាព ទូទាំងប្រទេស នៅក្នុងឆ្នាំ២០២៥ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress កាលពីថ្ងៃសៅរ៍។

ក្រសួងសុខាភិបាល បានរាយការណ៍ថា ចំណាយលើការថែទាំសុខភាព ជាមធ្យម របស់វៀតណាម បានឈានដល់ប្រហែល ២៧០ដុល្លារ ក្នុងមនុស្សម្នាក់ ជាប្រចាំឆ្នាំ ដោយភាគច្រើន គឺបានចាយទៅលើថ្នាំ ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៣២៨ដុល្លារ ក្នុងរយៈពេល ៣ឆ្នាំ ខាងមុខ។

មន្ត្រីវិទ្យាស្ថានយុទ្ធសាស្ត្រសុខភាព របស់ក្រសួងសុខាភិបាល បាននិយាយ កាលពីថ្ងៃទី២៤ ខែធ្នូ ថា ការចំណាយលើវិស័យសុខាភិបាលទូទាំងប្រទេស បានកើនឡើងយ៉ាងឆាប់រហ័ស ពោលគឺ ពី ១៧.៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ឡើងដល់ ២៧.៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៣៤.១ពាន់លានដុល្លារ នៅឆ្នាំ២០២៨។

អ្នកជំនាញនិយាយថា មានកត្តាជាច្រើន ដែលកំពុងជំរុញឱ្យតម្លៃចំណាយនេះ កាន់តែកើនឡើង មានដូចជា ចំនួនប្រជាជន វ័យចំណាស់, អត្រាកើនឡើងនៃជំងឺរ៉ាំរ៉ៃ ដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និង ជំងឺមហារីក ព្រមទាំង ការរំពឹងទុកកាន់តែច្រើនឡើង សម្រាប់ការព្យាបាលប្រកបដោយគុណភាពខ្ពស់ និង ថ្នាំឯកទេសថ្មីៗ ដែលជារឿយៗ មានតម្លៃ ថ្លៃជាងច្រើន បើធៀបនឹងការព្យាបាល ព្រមទាំង ថ្នាំ នាពេលបច្ចុប្បន្ន៕

ប្រភពពី VNexpress