ជំនួយមនុស្សធម៌រដ្ឋាភិបាលចិនវគ្គដំបូង តម្លៃជិត៣លានដុល្លារបានមកដល់កម្ពុជា

ភ្នំពេញ៖ អំណោយមនុស្សធម៌ជើងទី១ របស់រដ្ឋាភិបាលចិន បានមកដល់អាកាសយានដ្ឋានអន្តរជាតិមរតកតេជោ​ នៅថ្ងៃ​អាទិត្យទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលជំនួយបន្ទាន់សម្រាប់ផ្តល់ជូនជនភៀសសឹកកម្ពុជា។

ជាមួយរូបថតជាច្រើនសន្លឹក ឯកឧត្តម វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានសរសេរ​នៅលើ​បណ្ដាញ​សង្គមផ្លូវការរបស់លោកថា ចាប់តាំងពីផ្ទុះជម្លោះព្រំដែនកម្ពុជា ថៃមក ចិនជាប្រទេស​ទីមួយដែលផ្តល់ជំនួយដល់កម្ពុជា ហើយក៏ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេបំផុត សក្ខីភាពនៃមិត្តភាពដ៏ស៊ី​ជម្រៅរវាងចិន និងកម្ពុជា។ ឯកឧត្តមបន្តថា ដើម្បីជួយជនស៊ីវិលដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា ថៃ រដ្ឋាភិបាលចិនបាន​សម្រេច​ផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន២០លានយ័ន ឬប្រមាណ២លាន៨សែនដុល្លារដល់រដ្ឋាភិបាលកម្ពុជា។ ថ្ងៃនេះ​ជំនួយចិនវគ្គទី១ មកដល់កម្ពុជា ក្នុងនោះមាន តង់ ភួយ ម្ហូបអាហារ។ សង្ឃឹមថា ការផ្គត់ផ្គង់ទាំងនេះនឹងត្រូវបានជួយ​ទាន់​ពេលវេលាសម្រាប់ប្រជាជនខ្មែរដែលរងគ្រោះដោយជម្លោះ ដើម្បីកែលម្អលក្ខខណ្ឌរស់នៅ និងជម្នះការលំបាកនា​ពេល​បច្ចុប្បន្ន។

បន្ទាប់ពីការប្រយុទ្ធដែលចាប់ផ្តើមពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃដែលកម្ពុជា ថៃ បានព្រមព្រៀងឈប់បាញ់ ជនភៀសសឹកកម្ពុជាមានជាង៦០ម៉ឺននាក់។

លើបណ្ដាញសង្គមដដែលឯកអគ្គរដ្ឋទូតចិន បានបន្តថា សូមអបអរសាទរដល់កម្ពុជា​និងថៃ ក្នុងការឈានដល់កិច្ចព្រម​ព្រៀងបទឈប់បាញ់។ សង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងត្រូវបាន​អនុវត្តប្រកប​ដោយប្រសិទ្ធភាព ហើយ​ជីវភាព​រស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ។ ភាគីចិន​នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្របសម្រួលជំរុញនិងចរចា នឹងបន្តដើរតួនាទីស្ថាបនាក្នុងការកសាង​សន្តិភាព​ឡើងវិញ។

ខណៈជំនួយចិនបានមកដល់កម្ពុជានៅថ្ងៃទី២៨ ខែធ្នូ នេះដែរ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការបរទេស​​និងសហប្រតិបត្តិការអន្តរជាតិកំពុងស្ថិតនៅខេត្តយូណាន ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន រយៈពេល២ថ្ងៃនៅទីនោះដើម្បីពិភាក្សាលើការវិវត្តស្ថានភាពនៅកម្ពុជា៕