ចិន កម្ពុជា ថៃ បញ្ជាក់ជាថ្មីនូវការទទួលខុសត្រូវរួម ក្នុងការការពារសន្តិភាព និងស្ថិរភាព ក្នុងតំបន់

ភ្នំពេញ៖ ចិន កម្ពុជា និងថៃ បានបញ្ជាក់ជាថ្មីនូវការទទួលខុសត្រូវរួម ក្នុងការការពារសន្តិភាព និងស្ថិរភាព ក្នុងតំបន់ ខណៈភាគីចិន ប្តេជ្ញាបន្តសម្របសម្រួលការកសាងទំនុកចិត្ត និងសន្តិភាពចីរកាល ។

យោងតាមសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី នៃរដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់ នៃកម្ពុជា ថៃ និងចិន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន។

នេះជាលើកទីបីហើយ ដែលប្រទេសចិន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ដែលជាការគូសបញ្ជាក់អំពីតួនាទីសកម្ម និងដោយស្ថាបនារបស់ចិន ក្នុងការលើកកម្ពស់កិច្ចសន្ទនា និងការទាក់ទងគ្នាផ្ទាល់ ដើម្បីជួយកាត់បន្ថយកំដៅ ជម្លោះព្រំដែនកម្ពុជា-ថៃ និងនាំស្ថានការណ៍ឆ្ពោះទៅរកសន្តិភាព។ កិច្ចប្រជុំនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីកម្ពុជា និងថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយព្រមព្រៀងលើបទឈប់បាញ់ដែលបានចូលជាធរមាននៅពេលថ្ងៃ នៃថ្ងៃដដែល ។

កិច្ចប្រជុំបញ្ជាក់ថា អាទិភាពជាបន្ទាន់ គឺការធានាឱ្យបានរឹងមាំនូវបទឈប់បាញ់ និងការធានានូវការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ កិច្ចប្រជុំ សង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ លើកទី៣ បម្រើដល់ផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ប្រជាជន នៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ។

ភាគីទាំងបី គាំទ្រដល់ការងាររបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ស្របតាមសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅលើកទី៣ ។ កិច្ចប្រជុំបានសង្កត់ធ្ងន់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីជួយសម្រួលដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងការស្តារជីវភាពរស់នៅ នៅតាមតំបន់ព្រំដែន ។ ក្នុងន័យនេះ ភាគីចិន បានបង្ហាញពីការត្រៀមខ្លួនក្នុងការផ្តល់ជំនួយ ចាំបាច់ដល់កម្ពុជា និងថៃ ក្នុងការជំរុញការដោះមីនមនុស្សធម៌ តាមរយៈក្រុមការងារចម្រុះ សម្របសម្រួល (JCTF) ការដោះមីន, ផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែន ដែលរងផលប៉ះពាល់ និងផ្តល់ការគាំទ្រជាសារវន្ត ដើម្បីធានាដល់ដំណើរការប្រកបដោយប្រសិទ្ធភាព របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ប្រទេសទាំងបី ក៏បានព្រមព្រៀងគ្នា ក្នុងការចាត់វិធានការឱ្យកាន់តែមានប្រសិទ្ធភាពក្នុង ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន មានដូចជាឧក្រិដ្ឋកម្មតាមបណ្តាញទូរគមនាគមន៍ និងការបោក ប្រាស់តាមបច្ចេកវិទ្យា ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងតំបន់។

ភាគីទាំងបី បញ្ជាក់ជាថ្មីនូវការទទួលខុសត្រូវរួមរបស់ខ្លួន ក្នុងការការពារសន្តិភាព និងស្ថិរភាព ក្នុងតំបន់ ដោយកម្ពុជា និងថៃ បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងធ្វើកិច្ចសហប្រតិបត្តិការ ដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ភាគីចិន ក៏បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តសម្របសម្រួល ការកសាងទំនុកចិត្ត និងសន្តិភាពចីរកាល ជាមួយនឹងគោលដៅកសាងសហគមន៍ ដែលមានអនាគតរួមគ្នា ក្នុងចំណោមប្រទេសជិតខាង ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *