វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បានបោះពាក្យសម្តីគំរាមធ្ងន់ៗថា យោធាអាមេរិកនឹងវាយប្រហារប្រទេសអ៊ីរ៉ង់សាជាថ្មីទៀត បើសិនទីក្រុងតេហេរ៉ង់ហ៊ានអភិវឌ្ឍកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួនឡើងវិញ ដែលខូចខាតកាលពីដើមឆ្នាំនេះ ។
ឈរអមដោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា ឥឡូវនេះ ខ្ញុំទទួលបានដំណឹងថា អ៊ីរ៉ង់កំពុងព្យាយាមស្តារកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួនឡើងវិញ ។
លោកថា បើសិនពួកគេហ៊ានធ្វើបែបនេះមែន នោះយោធាយើងនឹងទៅវាយកម្ទេចទីតាំងទាំងនោះសាជាថ្មីទៀត ។ ប៉ុន្តែលោកថា យល់ល្អ ការធ្វើកិច្ចព្រមព្រៀង គឺជាជម្រើសឆ្លាតជាងសម្រាប់អ៊ីរ៉ង់ ។
ឆ្លើយតបការគំរាមរបស់លោក ត្រាំ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អ៊ីស្មាអែល ប៊ែគហែល បានអះអាងកាលពីសប្តាហ៍មុនថា កម្មវិធីអភិវឌ្ឍមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ បង្កើតឡើងមានគោលបំណងការពារអធិបតេយ្យភាព និងមិនមែនសម្រាប់ការចរចាគ្នាឡើង ។
សូមរម្លឹកថា កាលពីថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ភ្ញាក់ផ្អើលទៅលើតំបន់ជាច្រើននៅក្នុងទឹកដីអ៊ីរ៉ង់ ក្នុងនោះរួមទាំងទីតាំងយោធា និងនុយក្លេអ៊ែរ ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ និងជនស៊ីវិល ។
ក្រោយមក អាមេរិកដែលឈរខាងអ៊ីស្រាអែលក្នុងជម្លោះជាមួយអ៊ីរ៉ង់ នៅថ្ងៃទី២២ ខែមិថុនាដដែល បានបញ្ជូនកងទ័ពអាកាសហោះទៅទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរចំនួន ៣ទីតាំងរបស់អ៊ីរ៉ង់ មានដូចជា Natanz, Fordow និងIsfahan ៕
ប្រភព ៖ ស៊ីនហួរ

Leave a Reply