អ៊ីរ៉ង់ ព្រមានផ្ទុះសង្គ្រាមធំព្រមគ្នាជាមួយអាមេរិក, អ៊ីស្រាអែល និងអឺរ៉ុប

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំក្នុងពេលតែមួយជាមួយសហរដ្ឋអាមេរិក, អ៊ីស្រាអែល និងអឺរ៉ុប ។ នេះជាការព្រមានរបស់លោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយគេហទំព័រដ៏ធំមួយរបស់អ៊ីរ៉ង់កាលពីថ្ងៃចន្ទ, លោក Pezeshkian ប្រាប់ថា ទាំង អឺរ៉ុប អាមេរិក និងអ៊ីស្រាអែល មិនចង់ឲ្យប្រទេសអ៊ីរ៉ង់ មានស្ថិរភាពនោះទេ ។ ពួកគេកំពុងឡោមព័ទ្ធអ៊ីរ៉ង់ នៅគ្រប់ផ្នែកទាំងអស់ ដើម្បីឲ្យអ៊ីរ៉ង់ជួបការលំបាក ។

យ៉ាងណា មេដឹកនាំវ័យ ៧១ ឆ្នាំរូបនេះ បានជំរុញឲ្យប្រជាជនទាំងអស់ រួមដៃគ្នាជួយឲ្យអស់ពីសមត្ថភាព ដើម្បីជួសជុលប្រទេសឡើងវិញ ។

លោក Pezeshkian គឺជាមេដឹកនាំកំពូលអ៊ីរ៉ង់ដែលតែងតែរំលឹកឡើងវិញ នូវជំហរដ៏រឹងមាំ ប្រឆាំងនឹងលោកខាងលិច បន្ទាប់ពីការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ពីសំណាក់អាមេរិក និងអ៊ីស្រាអែលកាលពីខែមិថុនា ដោយបានសម្លាប់ជនជាតិអ៊ីរ៉ង់ ប្រហែល ១,១០០ នាក់ រួមទាំង មេបញ្ជាការយោធាជាន់ខ្ពស់ និង អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរផងដែរ ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា ការវាយប្រហារនោះគឺដើម្បីបញ្ឈប់កិច្ចខិតខំប្រឹងប្រែង របស់អ៊ីរ៉ង់ ដែលចង់ទទួលបានអាវុធនុយក្លេអ៊ែរ បើទោះបីជាប្រទេសមួយនេះ អះអាងថា គ្រាន់តែជាការពិសោធ ដើម្បីពង្រឹងនុយក្លេអ៊ែរស៊ីវិលក៏ដោយ ។

ជាមួយគ្នានេះ អំឡុងទទួលជួបមេដឹកនាំអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ, លោក Trump ក៏បានព្រមានដែរថា អាមេរិកអាចនឹងវាយប្រហារលើអ៊ីរ៉ង់ជាថ្មី ប្រសិនបើមិនបោះបង់មហិច្ឆតាអាវុធនុយក្លេអ៊ែរទេនោះ ៕

ប្រភពពី The Hill