លោក គីម ជុងអ៊ុន បញ្ជាឱ្យបង្កើនការផលិតឧបករណ៍បាញ់រ៉ុក្តែតអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានចុះទៅពិនិត្យរោងចក្រផលិតគ្រាប់រំសេវ កាលពីថ្ងៃអាទិត្យ និងចុះអធិការកិច្ចផលិតកម្មឧបករណ៍បាញ់រ៉ុក្តែតច្រើនគ្រាប់ បានចេញបញ្ជាឱ្យមន្រ្តីចាត់វិធានការបង្កើនសមត្ថភាពផលិតឧបករណ៍បាញ់រ៉ុក្តែតច្រើនគ្រាប់ ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរមួយនេះបន្ថែមទៀត ។

បើតាមសេចក្តីរាយការណ៍របស់កាសែត Rodong Sinmun, លោក គីម បាននិយាយថា ប្រព័ន្ធអាវុធដ៏មានសក្តានុពលនេះ អាចបំផ្លាញសត្រូវ និងអាចប្រើជាមធ្យោបាយវាយប្រហារជាយុទ្ធសាស្ត្រ ។

ផ្អែកតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង, ការដែលលោក គីម ចាត់ទុកឧបករណ៍បាញ់រ៉ុក្តែតច្រើនគ្រាប់ ជាអាវុធវាយប្រហារយុទ្ធសាស្រ្ត គឺដោយសារតែឧបករណ៍ធ្វើសឹកប្រភេទនេះ អាចបាញ់អាវុធបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន ។

យោងតាមកាសែត Rodong Sinmun, ឧបករណ៍បាញ់រ៉ុក្តែតច្រើនគ្រាប់ទាំងនេះ នឹងត្រូវប្រគល់ទៅឱ្យអង្គភាពយោធាសំខាន់ៗរបស់កូរ៉េខាងជើង ខណៈដែលសំណើរបស់លោក គីម ឱ្យពង្រីកសមត្ថភាពផលិតកម្មឧបករណ៍នេះ បង្ហាញថា កូរ៉េខាងជើងទំនងជាមានគោលបំណងពង្រីកការនាំចេញទៅកាន់ប្រទេសរុស្ស៊ី ៕

ប្រភព ៖ NHK