អាម៉េរិក បន្តលក់អាវុធតម្លៃជាង ៣០០ លានដុល្លារដល់ កោះតៃវ៉ាន់

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin របស់អាម៉េរិក ទទួលបានកិច្ចសន្យាលក់ឧបករណ៍យោធាក្នុងតម្លៃ ៣២៨.៥លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់ ដើម្បីឆ្លើយតបតាមតម្រូវការប្រតិបត្តិការបន្ទាន់របស់កងទ័ពអាកាសតៃវ៉ាន់ ។

កិច្ចព្រមព្រៀងទិញលក់អាវុធថ្មី កើតឡើងបន្ទាប់ពីប្រមុខការទូតកំពូលចិនបានបោះពាក្យសម្តីគំរាមខ្លាំងៗ ចំពោះនរណាហ៊ានលូកដៃចូលគាំទ្រការបំបែកខ្លួនរបស់តៃវ៉ាន់ ហើយប្តេជ្ញាតបតទៅអាម៉េរិកផងដែរ ដែលលក់អាវុធឲ្យកោះមួយនេះ ។

យ៉ាងណាមិញ បើតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ, កិច្ចព្រមព្រៀងទិញលក់អាវុធនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមលក់សព្វាវុធយោធាជាយុទ្ធសាស្រ្ត ដោយក្នុងនោះកិច្ចសន្យាលក់ឧបករណ៍យោធាបរទេសក្នុងតម្លៃ ១៥៧,៣លានដុល្លារត្រូវបានទទួលការអនុញ្ញាតរួចហើយ ។

មន្ទីរបញ្ចកោណបានកាលពីថ្ងៃពុធថា ការលក់ឧបករណ៍យោធានេះ ត្រូវបានរំពឹងថា នឹងជួយពង្រឹងប្រព័ន្ធការពារដែនអាកាសតៃវ៉ាន់ ជាពិសេសបង្កើនសមត្ថភាពឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ ។

គួរបញ្ជាក់ថា អាម៉េរិកគឺជាអ្នកផ្គត់ផ្គង់អាវុធសំខាន់បំផុតរបស់កោះតៃវ៉ាន់ ជាក់ស្តែង កាលពីខែធ្នូឆ្នាំមុន រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសលក់អាវុធតម្លៃ ១១,១ ពាន់លានដុល្លារដល់តៃវ៉ាន់ ជាកញ្ចប់សព្វាវុធធំបំផុតមិនធ្លាប់មាន ដែលធ្វើឱ្យចិនខឹងសម្បារជាខ្លាំង រហូតធ្វើសមយុទ្ធខ្នាតធំឡោមព័ទ្ធកោះតៃវ៉ាន់នាពេលថ្មីៗនេះ ៕

ប្រភព ៖ រ៉យទ័រ