តៃប៉ិ ៖ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃព្រហស្បតិ៍ បានប្រកាសថា តៃវ៉ាន់ប្តេជ្ញាការពារអធិបតេយ្យភាពរបស់ខ្លួន និងពង្រឹងវិស័យការពារជាតិឲ្យកាន់តែខ្លាំង បន្ទាប់ពីមហាយក្សចិនបានបញ្ចេញសាច់ដុំយោធាទ្រង់ទ្រាយធំ ។
មេដឹកនាំតៃវ៉ាន់រូបនេះ បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីយ៉ាងដូច្នេះថា ក្នុងនាមជាប្រធានាធិបតី គោលជំហររបស់ខ្ញុំតែងតែមានភាពច្បាស់លាស់ នោះគឺការការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងពង្រឹងវិស័យការពារជាតិ ។
ឆ្លើយតបរបាយការណ៍របស់អាម៉េរិកដែលថា ចិននឹងវាយយកកោះតៃវ៉ាន់នៅឆ្នាំ២០២៧ លោកប្រធានាធិបតី Lai បានអះអាងថា ឆ្នាំ២០២៦នេះ នឹងក្លាយជាឆ្នាំដ៏សំខាន់សម្រាប់កោះតៃវ៉ាន់ ហើយតៃវ៉ាន់ត្រូវតែត្រៀមផែនការ សម្រាប់អ្វីដែលអាក្រក់បំផុត ប៉ុន្តែក៏សង្ឃឹមសម្រាប់អ្វីៗដែលល្អបំផុតផងដែរ ។
យ៉ាងណា លោកប្រមុខរដ្ឋតៃវ៉ាន់មានវ័យ៦៦ឆ្នាំរូបនេះ បានអះអាងថា កោះខ្លួនមានឆន្ទៈចូលរួមការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដោយឈរលើមូលដ្ឋានស្មើភាព និងសេចក្តីថ្លៃថ្នូរ ដរាបណាចិនគោរពតាមបំណងប្រាថ្នារបស់ប្រជាជនតៃវ៉ាន់ សម្រាប់របៀបរស់នៅបែបប្រជាធិបតេយ្យ និងសេរី ។
គួរកត់សម្គាល់ មហាយក្សចិនបានអះអាងច្រើនលើកច្រើនសារថា កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាដែនដីរបស់ខ្លួន ហើយក៏មិនបានច្រានចោលការប្រើប្រាស់កម្លាំងយោធា ដើម្បីក្រសោបយកកោះនេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិននោះទេ ។
ប៉ុន្តែតៃវ៉ាន់តែងតែបដិសេធការអះអាងរបស់ចិន ។ ហើយក្រៅពីច្រានចោល មេដឹកនាំកោះនេះ ថែមទាំងជំរុញបង្កើនកញ្ចប់ថវិកាការពារជាតិសម្រាប់ឆ្នាំ២០២៦ ឱ្យលើសពី ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប និង ៥ភាគរយនៅឆ្នាំ២០៣០ ដើម្បីទប់ទល់សម្ពាធពីមហាយក្សចិន ៕
ប្រភព ៖ The Straits Times

Leave a Reply