ប្រជាជនអាមេរិករាប់រយនាក់ប្រឆាំងលោក ដូណាល់ ត្រាំ ចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា

វ៉ាស៊ីនតោន ៖ ប្រជាជនអាមេរិកជាច្រើនបានប្រមូលផ្តុំគ្នាដើរដង្ហែតាមដងផ្លូវក្នុងទីក្រុងឈីកាហ្គោ និងវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបញ្ជាឱ្យយោធាធ្វើអន្តរាគមន៍ចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងជំទាវទី១ យកមកកាត់ទោសនៅអាមេរិក ពីបទរត់ពន្ធគ្រឿងញៀនចូលទឹកដីសហរដ្ឋអាមេរិក ។

ក្រុមអ្នកតវ៉ារាប់រយនាក់បានប្រមូលផ្តុំគ្នានៅ Federal Plaza ក្នុងទីក្រុងឈីកាហ្គោ នៅយប់ថ្ងៃសៅរ៍ ដោយហៅប្រតិបត្តិការផ្តួលរលំរបបមេដឹកនាំវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ ថា ជាទង្វើនៃចក្រពត្តិនិយម ដែលជនជាតិអាមេរិកមិនគាំទ្រ ហើយធ្វើឡើងដោយគ្មានការយល់ព្រមពីសភា ។

ក្រៅពីប្រើពាក្យសម្តីរិះគន់ ក្រុមអ្នកតវ៉ាមួយចំនួនក៏បានផ្ទាំងបដាសរសេរអក្សរថា “ បញ្ឈប់ការបង្ហួរឈាមដើម្បីប្រេង ” “ និយាយថា ទេ ចំពោះសង្គ្រាមនៅវេណេស៊ុយអេឡា ” និង “ កុំខ្វល់ពីរឿងអាមេរិកឡាទីន “ ។
អ្នកស្រី Morgan Artyukhina អាយុ ៣៨ឆ្នាំ ដែលជាអ្នករៀបចំការតវ៉ាម្នាក់ បាននិយាយថា សាររបស់ពួកគេគឺថា “នេះគឺជាសង្គ្រាមមួយដែលប្រព្រឹត្តដោយដោយរដ្ឋបាលលោក ត្រាំ មិនត្រឹមតែរំលោភលើច្បាប់អាមេរិក និងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពានលើសិទ្ធិប្រជាជនអាមេរិកផងដែរ ។

ចំណែកអ្នកតវ៉ាម្នាក់ទៀតឈ្មោះ Katrina Denny និយាយថា ខ្ញុំមានអាយុ ៣៧ឆ្នាំហើយ ហើយធំធាត់ឡើងជាមួយសង្គ្រាមអ៊ីរ៉ាក់ ។ ហើយព្រឹកនេះ រឿងមិននឹកស្មានមួយបានកើតឡើង… គឺយើងកំពុងធ្វើវាម្តងទៀតហើយ ។ ដូច្នេះនាងគិតថា ការតវ៉ាបែបនេះនឹងកើនឡើង បើសិនរដ្ឋបាលលោក ត្រាំ បន្តប្រើប្រាស់កម្លាំងយោធាលើវេណេស៊ុយអេឡា ។

សូមបញ្ជាក់ថា លោកប្រធានាធិបតី ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួនជាមួយជំទាវទី១ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ក្នុងអំឡុងការវាយប្រហារទ្រង់ទ្រាយធំរបស់អាមេរិកទៅលើរដ្ឋធានីការ៉ាកាស ក្រោមហេតុផលថា លោក ម៉ាឌូរ៉ូ នៅពីក្រោយលំហូរនៃការជួញដូរគ្រឿងញៀន ៕

ប្រភព ៖ AFP