វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃពុធ ថា ការសម្លាប់បាតុករ នៅប្រទេសអ៊ីរ៉ង់បានបញ្ឈប់ហើយ ដោយលោកបន្ថែមទៀតថា គម្រោងអន្តរាគមន៍យោធា នឹងពិនិត្យឡើងវិញ។
ក្នុងសេចក្តីប្រកាស ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅឯសេតវិមាន លោក Trump បាននិយាយថា «ឥឡូវនេះ លោកបានទទួលការធានាពីប្រភពសំខាន់ៗ នៅម្ខាងទៀត ដែលអះអាងថា ទីក្រុងតេហេរ៉ង់បានបញ្ឈប់ នៅពេលនេះ ហើយការប្រហារជីវិតមនុស្ស នឹងមិនដំណើរការទៅមុខទៀតទេ»។
យ៉ាងណាមិញ លោកមិនបានផ្តល់ព័ត៌មានលម្អិតឡើយ ហើយបានកត់សម្គាល់ថា សហរដ្ឋអាមេរិកមិនទាន់បានផ្ទៀងផ្ទាត់ ការអះអាងនេះ បន្ថែមទៀតនោះទេ។
នៅពេលត្រូវបានសាកសួរ ដោយអ្នកយកព័ត៌មាន AFP នៅក្នុងការិយាល័យ Oval ជុំវិញថាតើ សកម្មភាពយោធារបស់សហរដ្ឋអាមេរិក ឥឡូវនេះ អាចផ្អាកវិញ ឬ យ៉ាងណានោះ, លោក Trump បានឆ្លើយតបថា «យើងនឹងពិនិត្យមើលតាមជាក់ស្តែង»។
ក្នុងប៉ុន្មានថ្ងៃ ថ្មីៗនេះ លោក Trump បាននិយាយ ម្តងហើយម្តងទៀត អំពីការទៅជួយប្រជាជនអ៊ីរ៉ង់ ជុំវិញការបង្រ្កាបបាតុកម្មតវ៉ា ដែលក្រុមសិទ្ធិមនុស្ស បានអះអាងថា ធ្វើឱ្យមនុស្ស យ៉ាងហោចណាស់ ៣,៤២៨នាក់បានស្លាប់។
ជាមួយនឹងការអះអាងរបស់លោក ដូណាល់ ត្រាំ, ក្រោយមក នៅថ្ងៃពុធដដែលនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ក៏បានចេញមកបញ្ជាក់ដែរថា «នឹងមិនមានការសម្លាប់ នៅថ្ងៃនេះ ឬ ថ្ងៃស្អែកឡើយ»។ ជាអ្វីដែល ប្រមុខកាទូតរូបនេះ បានប្រាប់ នៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មានអាមេរិក Fox News៕
ប្រភពពី AFP

Leave a Reply