ចិន វ៉ាដាច់ រុស្ស៊ី ជាប្រទេសមាននាវាមុជទឹកនុយក្លេអ៊ែរច្រើនបំផុតទី ២ ក្នុងលោក

ប៉េកាំង ៖ ចិនបានផ្តួលរុស្ស៉ី ក្លាយជាប្រទេសមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរច្រើនជាងគេទី ២ របស់ពិភពលោក ។ នេះបើតាមការវាយតម្លៃដែលបានធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំ ២០២៦ ។

បើតាមសារព័ត៌មាន Defence Blog, ប្រទេសចិនមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រមាណ ៣២ គ្រឿង ខណៈរុស្ស៊ីមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រហែលជា ២៥ ទៅ ២៨ គ្រឿងប៉ុណ្ណោះ ។

ចំណែកប្រទេសដែលមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរច្រើនជាងគេបំផុតនៅលើពិភពលោកនោះគឺសហរដ្ឋអាមេរិក ។ គិតត្រឹមចុងឆ្នាំ ២០២៥ កងទ័ពជើងទឹកអាមេរិកបានធ្វើប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រមាណជា ៧១ គ្រឿង ។

ក្នុងនោះរួមមាននាវាពិឃាតល្បឿនលឿន SSN ប្រមាណ ៥៣ គ្រឿង, នាវាមុជទឹកបំពាក់មីស៊ីលផ្លោង SSBN ប្រហែល ១៤ គ្រឿង និងនាវាមុជទឹកបំពាក់មីស៊ីលនាំផ្លូវ SSGN ប្រមាណ ៤ គ្រឿង ។

ដោយឡែក ប្រទេសមហាអំណាចចំនួន ៥ ដែលចំណាយលុយច្រើនជាងគេទៅលើការអភិវឌ្ឍន៍នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរគិតត្រឹមចុងឆ្នាំ ២០២៥ នោះរួមមាន អូស្រ្តាលី ចិន ឥណ្ឌា រុស្ស៊ី និងអាមេរិក ។

បើតាមសារព័ត៌មាន RT, អូស្រ្តាលីត្រូវបានព្យាករថា នឹងចាយលុយកើនដល់ ៥២ ពាន់ ៨០០ លានដុល្លារលើការបញ្ជាទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ។ រីឯចិនរំពឹងថា នឹងចំណាយលុយប្រហែល ៣៦ ពាន់ ៦០០ លានដុល្លារលើការផលិតនាវាចម្បាំងមុជទឹក និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ។

ចំណែក ឥណ្ឌាត្រូវបានព្យាករថា នឹងចំណាយថវិកាប្រហែល ៣១ ពាន់ ៦០០ លានដុល្លាលើការបញ្ជាទិញនាវាមុជទឹកប្រភេទផ្សេងៗក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ខណៈរុស្ស៊ីអាចនឹងចាយលុយជិត ៣៥ ពាន់ ៥០០ លានដុល្លារលើការបញ្ជាទិញនាវាមុជទឹកក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ។

សម្រាប់អាមេរិកវិញត្រូវបានព្យាករថា នឹងជះលុយជិត ២១៤ ពាន់លានដុល្លារលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ៕

ប្រភព ៖ Defence Blog RT និង naval technology


Comments

Leave a Reply

Your email address will not be published. Required fields are marked *