កោះតៃវ៉ាន់ ថា អាមេរិក នឹងលក់សព្វាវុធថែមទៀតឱ្យខ្លួន ទោះរងការគំរាមពី ចិន ក៏ដោយ

តៃប៉ិ ៖ ការលក់ឧបករណ៍យោធាថែមទៀតរបស់អាមេរិកទៅឱ្យកោះតៃវ៉ាន់ បាននឹងកំពុងតែដំណើរការ បើទោះជាមានការគំរាមកំហែងពីប្រទេសចិនក៏ដោយ ក្នុងនោះនៅមានគម្រោងចំនួន៤ទៀត ដែលរង់ចាំការអនុម័តពីសភា បន្ទាប់ពីការប្រកាសអំពីកញ្ចប់សព្វាវុធតម្លៃ ១១ពាន់លានដុល្លារ កាលពីខែធ្នូឆ្នាំមុន ដែលជាទំហំធំបំផុតសម្រាប់តៃវ៉ាន់ នេះបើតាមការអះអាងពីមន្រ្តីការពារជាតិជាន់ខ្ពស់មួយរូបរបស់តៃវ៉ាន់ ក្នុងថ្ងៃព្រហស្បតិ៍ ។

កញ្ចប់សព្វាវុធខ្នាតយក្សដែលប្រកាសកាលពីខែមុននេះ គ្របដណ្តប់លើឧបករណ៍យោធាចំនួន ៨មុខ រួមមានប្រព័ន្ធរ៉ុក្តែត HIMARS កាំភ្លើងធំ កាំភ្លើងធំប្រឆាំងរថក្រោះ Javelin យន្តហោះដ្រូនរាវរកគោលដៅ Altius និងគ្រឿងបន្លាស់សម្រាប់យុទ្ធោបករណ៍ផ្សេងៗទៀត ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ អនុរដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក Hsu Szu-chien និយាយថា គម្រោងលក់សព្វាវុធចំនួន៤ទៀត មិនទាន់ត្រូវបានជូនដំណឹងជាផ្លូវការទៅកាន់សភាអាមរិកនៅឡើយទេ ខណៈវាគឺជានីតិវិធីទូទៅ នៃការអនុម័តគម្រោងលក់អាវុធរបស់អាមេរិក ។

បើតាមសារព័ត៌មាន The straits times, សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ទោះបីជាពុំមានចំណងការទូតផ្លូវការក៏ដោយ ។

រីឯប្រទេសចិន ដែលអះអាងសិទ្ធិលើកោះតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួននោះ បានធ្វើល្បែងសង្គ្រាមទ្រង់ទ្រាយធំនៅជុំវិញកោះមួយនេះ កាលពីចុងខែធ្នូឆ្នាំមុន ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីកិច្ចព្រមព្រៀងលក់អាវុធចុងក្រោយ ត្រូវបានប្រកាស ។

ឆ្លើយតបសម្ពាធរបស់ប្រទេសចិន ប្រធានាធិបតីកោះតៃវ៉ាន់ លោក Lai Ching-te កាលពីខែវិច្ឆិកាឆ្នាំមុន បានបើកបង្ហាញកញ្ចប់ថវិកាបន្ថែមទំហំ ៤០ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិរហូតដល់ឆ្នាំ ២០៣៣ ជាមួយនឹងការប្តេជ្ញាចិត្តពង្រឹងសមត្ថភាពការពារខ្លួន នៅចំពោះមុខការគាបសង្កាត់កាន់តែខ្លាំងឡើងពីមហាយក្សចិន ៕

ប្រភព ៖ The straits times