អឺរ៉ុប ត្រៀមពង្រាយយោធានៅកោះ Greenland ក្រោយកិច្ចប្រជុំជាមួយ អាមេរិក បរាជ័យ

ព្រុចសែល ៖ សហភាពអឺរ៉ុបប្រកាសត្រៀមដាក់ពង្រាយបុគ្គលិកយោធារបស់ពួកគេឆាប់ៗនេះនៅលើកោះ Greenland ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយកិច្ចប្រជុំរវាងមន្ត្រីអាមេរិក ដាណឺម៉ាក និងGreenland នៅទីក្រុងវ៉ាស៊ីនតោន ក្នុងថ្ងៃព្រហស្បតិ៍ បានបរាជ័យ មិនអាចដោះស្រាយការខ្វែងគំនិតជាមូលដ្ឋាន ។

បើតាមសារព័ត៌មាន Euronews, ប្រទេសបារាំង ស៊ុយអែត អាល្លឺម៉ង់ និងន័រវែស បានប្រកាសកាលពីថ្ងៃពុធថា ពួកគេនឹងដាក់ពង្រាយបុគ្គលិកយោធា ជាផ្នែកមួយនៃបេសកកម្មឈ្លបយកការណ៍ទៅកាន់រដ្ឋធានី Nuuk របស់កោះ Greenland ។

ឧបនាយករដ្ឋមន្ត្រីកោះ Greenland លោក Mute Egede និយាយថា ទាហានរបស់អង្គការណាតូ នឹងមានវត្តមានកាន់តែច្រើននៅកោះ Greenland ចាប់ពីថ្ងៃនេះ និងនៅថ្ងៃខាងមុខ ។

ហើយលោកក៏រំពឹងផងដែរថា នឹងមានយន្តហោះយោធា និងនាវាកាន់តែច្រើន ដើម្បីរួមគ្នាធ្វើសមយុទ្ធនៅលើកោះអាក់ទិក ដែលសម្បូររ៉ែ និងជាយុទ្ធសាស្រ្តមួយនេះ ។

បើតាមក្រសួងការពារជាតិអាល្លឺម៉ង់, ការដាក់ពង្រាយក្រុមឈ្លបយកការណ៍ ដែលមានបុគ្គលិកយោធាចំនួន ១៣នាក់ ទៅកាន់ទីក្រុង Nuuk ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តបតាមការស្នើរបស់ដាណឺម៉ាក ហើយពួកគេនឹងដំណើរការចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបេ្តជ្ញាម្តងហើយម្តងទៀតថា នឹងគ្រប់គ្រងទឹកដីស្វយ័តរបស់ដាណឺម៉ាកមួយនេះឱ្យខានតែបាន ដោយអះអាងថា កោះ Greenland មានសារៈសំខាន់ខ្លាំងសម្រាប់សន្តិសុខអាមេរិក ទប់ទល់នឹងការគំរាមកំហែងរបស់រុស្ស៊ី និងចិន ៕

ប្រភព ៖ euronews