វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបង្កើតក្រុមប្រឹក្សាសន្តិភាព សម្រាប់តំបន់ហ្គាហ្សា ឈានទៅបញ្ចប់សង្រ្គាមទាំងស្រុង។
តាមរយៈការបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំរូបនេះ បានអះអាងថា ក្រុមប្រឹក្សាសន្តិភាពនេះ ត្រូវបានបង្កើតឡើង ធ្វើជាធាតុសំខាន់ទីពីរ នៃផែនការសន្តិភាព ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅក្នុងគោលបំណងបញ្ចប់សង្រ្គាមទាំងស្រុង នៅក្នុងទឹកដីប៉ាឡេស្ទីន។
លោក ដូណាល់ ត្រាំ បានរៀបរាប់ថា «វាជាកិត្តិយសដ៏អស្ចារ្យរបស់ខ្ញុំ ក្នុងការប្រកាសថា ក្រុមប្រឹក្សាសន្តិភាព ត្រូវបានបង្កើតឡើង»។
បើតាមសារព័ត៌មាន The Times of Israel, សហរដ្ឋអាមេរិកមានបំណងរៀបចំកិច្ចប្រជុំលើកដំបូង របស់ក្រុមប្រឹក្សាសន្តិភាពនេះ នៅក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក នាទីក្រុង Davos ប្រទេសស្វីស នៅក្នុងសប្តាហ៍នេះ។
ប្រភពធ្លាប់បានរាយការណ៍ កាលពីខែមុន ថា សហរដ្ឋអាមេរិកបានជូនដំណឹងដល់ប្រទេសអន្តរការីថា ខ្លួនធានាបាននូវការប្តេជ្ញាចិត្ត ពី អេហ្ស៊ីប កាតា អេមីរ៉ាតអារ៉ាប់រួម ចក្រភពអង់គ្លេស អ៊ីតាលី និងអាល្លឺម៉ង់ ដើម្បីឱ្យមេដឹកនាំរបស់រដ្ឋ ទាំងនេះ ចូលរួមជាមួយលោក ដូណាល់ ត្រាំ នៅលើក្រុមប្រឹក្សាសន្តិភាព សម្រាប់តំបន់ហ្គាហ្សា មួយនេះ។
គួររម្លឹកថា ក្រុមប្រដាប់អាវុធហាម៉ាស បានវាយប្រហារ លើភាគខាងត្បូង អ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ស្លាប់មនុស្សជាង១ពាន់នាក់ និងចាប់មនុស្សធ្វើជាចំណាប់ខ្មាំង ជាង២០០នាក់។ អ៊ីស្រាអែលបានឆ្លើយតបវិញ ជាមួយនឹងការវាយប្រហារ នៅតំបន់ហ្កាហ្សា ដែលគេជឿថា កាន់កាប់ដោយហាម៉ាស់។ មកដល់ពេលនេះ ស្លាប់មនុស្សជាង ៧ម៉ឺននាក់ហើយ នេះបើតាមក្រសួងសុខាភិបាល ហ្គាហ្សា៕
ប្រភពពី AFP , The Times of Israel

Leave a Reply