ទីបំផុត ក្រុមអវកាសយានិកមកដល់ផែនដីដោយសុវត្ថិភាព ក្រោយចាកចេញពីស្ថានីយ ISS ជាបន្ទាន់លើកដំបូង

វ៉ាស៊ីនតោន ៖ យានអវកាស SpaceX របស់មហាសេដ្ឋីពិភពលោក Elon Musk ដែលដឹកអវកាសយានិកចំនួន ៤រូបចាកចេញពីស្ថានីយអវកាសអន្តរជាតិ (ISS) ទីបំផុត បានចុះចតនៅតំបន់ឆ្នេរដ្ឋ California ដោយសុវត្ថិភាព កាលពីថ្ងៃព្រហស្បតិ៍ ។

នេះគឺជាការបញ្ចប់បេសកកម្មនៅស្ថានីយ ISS របស់អវកាសយានិកមុនកាលកំណត់ជាលើកដំបូងក្នុងរយៈពេល ២៥ឆ្នាំ ដោយសារគ្រាអាសន្នវេជ្ជសាស្រ្ត ពោលគឺពាក់ព័ន្ធនឹងស្ថានភាពសុខភាពធ្ងន់ធ្ងររបស់អវកាសយានិកម្នាក់ ។ បេសកកម្មនេះ ដំបូងឡើយគ្រោងនឹងបញ្ចប់ទៅ នៅចុងខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ ។

បើតាមសារព័ត៌មាន Aljazeera, យានអវកាស SpaceX Dragon ដែលគេស្គាល់ថា ជាយានអវកាស “Endeavour” បានចាប់ផ្តើមដំណើរចុះចតរយៈពេល ១០ម៉ោងកន្លះចេញពីគន្លងតារាវិថី កាលពីវេលាម៉ោង ២២ និង ៣០នាទី (ម៉ោងក្នុងតំបន់) កាលពីថ្ងៃពុធ ហើយបានចុះចតកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

យោងតាមទីភ្នាក់ងារអវកាសណាសារបស់អាមេរិក, នៅលើយាននេះ រួមមានអវកាសយានិក Zena Cardman និង Mike Fincke របស់អង្គការណាសា អវកាសយានិកជប៉ុន Kimiya Yui និងអវកាសយានិករុស្ស៊ី Oleg Platonov ។

សូមបញ្ជាក់ថា ក្រុមអវកាសយានិកទាំង៤រូប បានចំណាយពេល ១៦៧ថ្ងៃនៅលើយានក្នុងស្ថានីយអវកាស ដើម្បីចុះបេសកកម្មវិទ្យាសាស្រ្តរយៈពេលយូរ ដែលជាផ្នែកមួយនៃបេសកកម្មមានមនុស្សលើកទី ១១ របស់ក្រុមហ៊ុន SpaceX ។ ពួកគេគឺជាផ្នែកមួយផងដែរ នៃបេសកកម្ម Expedition 74 របស់អង្គការណាសា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៥ ៕

ប្រភព ៖ Aljazeera