ចលនាតវ៉ានៅអ៊ីរ៉ង់ បានថយចុះក្នុងការប្រឈមទៅនឹងការបង្ក្រាបដ៏បង្ហូរឈាម

ក្រុមអ្នកឃ្លាំមើលបាននិយាយកាលពីថ្ងៃសុក្រ ទី១៦ ខែមករាថា ចលនាតវ៉ានៅប្រទេសអ៊ីរ៉ង់បានថយចុះបន្ទាប់ពីការបង្ក្រាបដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ក្រោមការកាត់ផ្តាច់អ៊ីនធឺណិត មួយសប្តាហ៍បន្ទាប់ពីការចាប់ផ្តើមតវ៉ាទ្រង់ទ្រាយធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលប្រជែងនឹងប្រព័ន្ធទេវាធិបតេយ្យរបស់សាធារណរដ្ឋអ៊ីស្លាម។

ការគំរាមកំហែងនៃសកម្មភាពយោធាថ្មីដោយសហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ទំនងជាបានថយចុះសម្រាប់នាពេលនេះ ដោយមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតម្នាក់បាននិយាយថាសម្ព័ន្ធមិត្តឈូងសមុទ្របានបញ្ចុះបញ្ចូលលោកប្រធានាធិបតី Donald Trump ឱ្យផ្តល់ «ឱកាស» ដល់ថ្នាក់ដឹកនាំអ៊ីរ៉ង់។

ការតវ៉ា ដែលបង្កឡើងដោយការមិនពេញចិត្តផ្នែកសេដ្ឋកិច្ច បានចាប់ផ្តើមដោយការបិទទីផ្សារនៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី២៨ ខែធ្នូ ប៉ុន្តែបានប្រែក្លាយទៅជាចលនាដ៏ធំមួយទាមទារឱ្យមានការដកចេញនូវប្រព័ន្ធសាសនាដែលបានគ្រប់គ្រងអ៊ីរ៉ង់ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩។

ប្រជាជន បានចាប់ផ្តើមសម្រុកចូលនៅតាមដងផ្លូវក្នុងទីក្រុងធំៗចាប់ពីថ្ងៃទី៨ ខែមករា ប៉ុន្តែអាជ្ញាធរបានអនុវត្តការបិទអ៊ីនធឺណិតភ្លាមៗដែលមានរយៈពេលជាងមួយសប្តាហ៍ ហើយសកម្មជននិយាយថា អាជ្ញាធរមានគោលបំណងបិទបាំងទំហំនៃការបង្ក្រាប។

វិទ្យាស្ថានសិក្សាសង្គ្រាមមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានតាមដានសកម្មភាពតវ៉ា បាននិយាយថា ការបង្ក្រាបនេះ «ទំនងជាបានបង្ក្រាបចលនាតវ៉ាសម្រាប់ពេលនេះ»។ ប៉ុន្តែបាននិយាយបន្ថែមថា «ទោះជាយ៉ាងណា ការចល័តកងកម្លាំងសន្តិសុខយ៉ាងទូលំទូលាយរបស់របបនេះ គឺមិនអាចទប់ស្កាត់បានឡើយ ដែលធ្វើឱ្យការតវ៉ាអាចបន្តឡើងវិញបាន»។