អ៊ីស្រាអែល អនុម័តការឆ្លើយតប ក្រោយការវាយប្រហារពីក្រុមហេសបូឡា សម្លាប់មនុស្ស ១២នាក់

គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (២៨ កក្កដា) បានអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) សម្រេចចិត្តលើ «របៀប និងពេលវេលា» នៃការឆ្លើយតបចំពោះការវាយប្រហារដោយគ្រាប់រ៉ូកែតនៅតំបន់ខ្ពង់រាប ហ្កូឡាន់ (Golan Heights) កាន់កាប់ដោយអ៊ីស្រាអែល ដែលបានសម្លាប់ក្មេងជំទង់ និងកុមារចំនួន ១២នាក់ ហើយជាអ្វីដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានស្តីបន្ទោសលើក្រុមប្រដាប់អាវុធ ហេសបូឡា (Hezbollah) នៅលីបង់។

ក្រុមហេសបូឡា បានបដិសេធមិនទទួលខុសត្រូវចំពោះការវាយប្រហារលើភូមិ ម៉ាចដាល់ ស្ហាមស៍ (Majdal Shams) កាលពីថ្ងៃសៅរ៍នេះទេ ដែលជាការសម្លាប់មនុស្សច្រើនបំផុតនៅក្នុងអ៊ីស្រាអែល ឬទឹកដីដែលដាក់បញ្ចូលដោយអ៊ីស្រាអែល ចាប់តាំងពីការវាយលុករបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាមហ្កាហ្សាមក។

អ៊ីស្រាអែល បានប្តេជ្ញាសងសឹកនឹងក្រុមហេសបូឡា ហើយយន្តហោះអ៊ីស្រាអែលបានវាយប្រហារគោលដៅនៅភាគខាងត្បូងលីបង់ ក្នុងពេលថ្ងៃនៅថ្ងៃអាទិត្យ។ ប៉ុន្តែមានការរំពឹងទុកថា ការឆ្លើយតបកាន់តែខ្លាំងអាចធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខដែលត្រូវបានកោះប្រជុំដោយលោក Netanyahu ក្នុងទីក្រុង តែលអាវីវ (Tel Aviv)។

អ៊ីស្រាអែលនិយាយថា គ្រាប់រ៉ូកែតនោះគឺជាមីស៊ីលផលិតដោយអ៊ីរ៉ង់ ដែលបាញ់ចេញពីតំបន់ភាគខាងជើងនៃភូមិ ឆេបា (Chebaa) ភាគខាងត្បូងលីបង់ ដោយស្ដីបន្ទោសថាបាញ់ដោយក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់៕