អាប៊ុយដាប៊ី ៖ អាមេរិកបាននិយាយថា ជំនួបរវាងរុស្ស៊ី និងអ៊ុយក្រែន បានវិវឌ្ឍន៍ទៅមុខ ជាមួយនឹងការបោះជំហានដ៏ធំមួយ ហើយ គ្រោងនឹងជួបគ្នាម្ដងទៀត នៅសប្ដាហ៍ក្រោយ។
អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀងគ្នា កាលពីថ្ងៃសៅរ៍ ដើម្បីរៀបចំ ជុំទីពីរ នៃ កិច្ចចរចាសន្តិភាពដោយផ្ទាល់ ខណៈដែលអាមេរិក ធ្វើជាឈ្មួញកណ្តាល។
មន្ត្រីអាមេរិកអះអាងថា មានការបោះជំហានដ៏ធំមួយ បន្ទាប់ពីកិច្ចប្រជុំ រយៈពេល២ថ្ងៃ ដែលរៀបចំធ្វើឡើង នៅក្នុងទីក្រុង អាប៊ុយដាប៊ី (Abu Dhabi) ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម។
កិច្ចចរចាត្រីភាគី នៅទីនោះ នឹងបន្តធ្វើបន្ថែមទៀត នៅថ្ងៃទី១ ខែកុម្ភៈ ដោយ មន្ត្រីអាមេរិកម្នាក់បាននិយាយបន្ថែម ថា «ខ្ញុំគិតថា ការរួមគ្នា ជាជំហានដ៏ធំមួយ…ខ្ញុំគិតថា វាជាការបញ្ជាក់អំពីការពិត ដែលវឌ្ឍនភាពជាច្រើន ត្រូវបានសម្រេច រហូតមកដល់ពេលបច្ចុប្បន្ន ក្នុងការកំណត់ព័ត៌មានលម្អិត ដែលត្រូវការ ដើម្បីឈានដល់ការសន្និដ្ឋាន»។
អ្នកចរចា រុស្ស៊ី និង អ៊ុយក្រែន ធ្លាប់បានជួបទល់មុខគ្នា នៅទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីរដូវក្តៅមុន តែ កិច្ចចរចាបានបញ្ចប់ ត្រឹមតែកិច្ចព្រមព្រៀង ដោះដូរទាហាន ដែលត្រូវបានចាប់ខ្លួន តែប៉ុណ្ណោះ។
សប្តាហ៍នេះ គឺជាលើកទីមួយហើយ ដែលពួកគេបានប្រឈមមុខដាក់គ្នា ដើម្បីនិយាយអំពីផែនការ ដែលត្រូវបានជំរុញ ដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីបញ្ចប់សង្រ្គាម ជិត៤ឆ្នាំ។
ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា «បញ្ហាជាច្រើនត្រូវបានពិភាក្សា ហើយវាមានសារៈសំខាន់ ដែលការសន្ទនា មានលក្ខណៈស្ថាបនា»។
យ៉ាងណា នៅមុនថ្ងៃទី២ នៃ ការចរចា, យន្តហោះគ្មានមនុស្សបើក និង កាំជ្រួចរបស់រុស្ស៊ី បានកាត់ផ្តាច់ចរន្តអគ្គិសនី មនុស្សរាប់លាននាក់ នៅក្នុងសីតុណ្ហភាព ដកសូន្យ។ ទីក្រុង Kyiv បានចោទប្រកាន់ទីក្រុង មូស្គូ ថា បានធ្វើឱ្យខូចដល់ការចរចា ដោយចាប់ផ្តើម នូវអ្វី ដែលគេហៅថា «រាត្រី នៃភេរវកម្មរុស្ស៊ី» ថ្មីមួយទៀត៕
ប្រភពពី AFP

Leave a Reply