បេរូត ៖ ប្រមុខ ក្រុមហេសបូឡា បានព្រមាន កាលពីថ្ងៃចន្ទថា ការវាយប្រហារណាមួយ លើប្រទេសអ៊ីរ៉ង់ ក៏ចាត់ទុកថា ជាការវាយប្រហារ មកលើក្រុមរបស់ខ្លួន ផងដែរ ហើយ សង្គ្រាមនេះ នឹងឆេះខ្ទេច តំបន់ទាំងមូល។
លោក Naim Qassem បានអះអាងបែបនេះ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ថ្លែងទៅកាន់អ្នកគាំទ្រ នៅឯការជួបជុំ បង្ហាញសាមគ្គីភាព សម្រាប់ប្រទេសអ៊ីរ៉ង់។
ការព្រមាន របស់មេធំ ក្រុមហេបូឡា ដូច្នេះ បានធ្វើឡើង ចំពេលដែល នាវាចម្បាំងខ្នាតយក្ស របស់សហរដ្ឋអាមេរិក ធ្វើដំណើរឆ្ពោះទៅកាន់ តំបន់មជ្ឈិមបូព៌ា និងសំដៅទៅប្រទេសអ៊ីរ៉ង់។
ជាការបញ្ជូនទៅ បន្ទាប់ពីភាពតានតឹង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កាន់តែពុះកញ្ជ្រោលឡើង ក្រោយការបង្ក្រាបយ៉ាងធ្ងន់ធ្ងរ ទៅលើបាតុករ នៅទូទាំងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលថ្មីៗនេះ។
គួរបញ្ជាក់ថា អ៊ីរ៉ង់ គឺជាអ្នកគាំទ្រចម្បង របស់ក្រុម Hezbollah ដោយផ្តល់ឱ្យ នូវថវិកា និងសព្វាវុធ ចាប់តាំងពីការបង្កើតក្រុមប្រដាប់អាវុធមួយនេះ ក្នុងទសវត្សរ៍ ឆ្នាំ១៩៨០៕
ប្រភពពី AFP

Leave a Reply