តៃប៉ិ ៖ កោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍បានបញ្ចប់ការបើកសាកល្បងនាវាមុជទឹកផលិតក្នុងស្រុកដំបូងបំផុតរបស់ខ្លួនដោយជោគជ័យ ចំពេលមានការកើនឡើងសម្ពាធយោធាពីមហាយក្សចិន ។
ការធ្វើតេស្តនេះ ធ្វើឡើងនៅកំពង់ផែ Kaohsiung ភាគខាងត្បូងកោះតៃវ៉ាន់ ក្នុងគោលបំណងពង្រឹងការទប់ទល់កងទ័ពជើងទឹកដ៏ធំសម្បើមរបស់ប្រទេសចិន និងការពារផ្លូវសមុទ្រសំខាន់ៗរបស់ខ្លួន ក្នុងករណីផ្ទុះសង្គ្រាម ។
បើតាម CNA, នាវាមុជទឹកមួយគ្រឿងនេះមានឈ្មោះ Narwhal ផលិតឡើងដោយក្រុមហ៊ុនសាជីវកម្ម CSBC និងមានតម្លៃរហូតដល់ ១,៥៨០ លានដុល្លារ ។
បន្ទាប់ពីផលិតបាននាវាមុជទឹកដំបូងនេះ កោះតៃវ៉ាន់សង្ឃឹមថា ខ្លួននឹងដាក់ពង្រាយនាវាមុជទឹកដែលផលិតក្នុងស្រុកជាមួយនឹងសមត្ថភាពអាចបំពាក់មីស៊ីលបាញ់ក្នុងទឹក យ៉ាងហោចណាស់ ២ គ្រឿងទៀតនៅត្រឹមឆ្នាំ ២០២៧ ។
ក្រុមហ៊ុន CSBC និយាយថា ខ្លួនមានគម្រោងផលិតនាវាមុជទឹករហូតដល់ ៨ គ្រឿងនេះ តាមរយៈការស្រូបទាញយកជំនាញ និងបច្ចេកវិទ្យាពីប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ ។
កោះតៃវ៉ាន់ ដែលចិនអះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួននោះ បានចាត់ទុកកម្មវិធីនាវាមុជទឹកផលិតក្នុងស្រុក ជាផ្នែកសំខាន់នៃគម្រោងដ៏មានមហិច្ឆតាមួយ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ ខណៈដែលទីក្រុងប៉េកាំងធ្វើសមយុទ្ធយោធាស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះមួយនេះ ៕
ប្រភព ៖ CNA

Leave a Reply