តូក្យូ ៖ ក្រុមហ៊ុនផលិតម៉ូតូខ្នាតយក្សរបស់ជប៉ុន Kawasaki បានងាកមកផលិតមីស៊ីល ដែលមានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយរហូតដល់ ២,៥០០គីឡូម៉ែត្រ ជាមីស៊ីលដែលគេដាក់ឈ្មោះថា Tomahawk ជប៉ុន ។
បើតាមសារព័ត៌មាន militarnyi, ក្រុមហ៊ុន Kawasaki បានបង្ហាញលទ្ធផលលើការអភិវឌ្ឍមីស៊ីលនេះ អំឡុងសន្និសិទបច្ចេកវិទ្យាដែលធ្វើឡើងនៅថ្ងៃទី ១១និង១២ ខែវិច្ឆិកាឆ្នាំមុន ។
ក្រុមហ៊ុនមានឈ្មោះបោះសំលេងខាងផលិតម៉ូតូប្រណាំងមួយនេះ ក៏បានអភិវឌ្ឍ និងសាកល្បងមីស៊ីលគំរូរួចហើយដែរ រហូតបណ្តាប្រផ្សព្វផ្សាយនានាដាក់ឈ្មោះថា មីស៊ីល Tomahawk ជប៉ុន ។
គោលបំណងស្នូលនៃគម្រោងនេះ គឺផលិតតួមីស៊ីល ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើនប្រភេទ រួមមានក្បាលគ្រាប់ដែលមានអនុភាពផ្ទុះខ្លាំងសម្រាប់កម្ទេចនាវាចម្បាំង គោលដៅលើដី និងសាកសមប្រើជាមួយប្រព័ន្ធបញ្ជាផ្លូវផ្សេងៗទៀត ជាពិសេសក្បាលគ្រាប់ដែលអាចពុះជ្រែកលេណដ្ឋានក្រោមដី និងទីបញ្ជាការដ៏រឹងមាំ ។
មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានគេរំពឹងថា នឹងបំពាក់នូវប្រព័ន្ធដែលអាចជ្រែករ៉ាដារបស់សត្រូវ ខណៈដែលប្រព័ន្ធជំរុញរបស់វា បំពាក់ដោយមីស៊ីល KJ-301 ដែលអាចជំរុញមីស៊ីល Tomahawk ជប៉ុននេះ ឱ្យហោះក្នុងចម្ងាយចន្លោះពី ១,៥០០ទៅ២,៥០០គីឡូម៉ែត្រ ។
សូមរម្លឹកថា ចាប់តាំងពីឆ្នាំ ២០២៤មក ក្រសួងការពារជាតិជប៉ុនបានចាប់ផ្តើមអភិវឌ្ឍមីស៊ីលជំនាន់ថ្មីៗយ៉ាងគំហុក ដើម្បីជួយឱ្យជប៉ុនឈប់ពឹងផ្អែកលើមីស៊ីល Tomahawk របស់សហរដ្ឋអាមេរិក ។
យោងតាមការគ្រោងទុក ពេលវេលាបញ្ចប់ការអភិវឌ្ឍមីស៊ីល Tomahawk ជប៉ុននេះ មិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែមានការរំពឹងទុកថា វាអាចនឹងរួចរាល់នៅចន្លោះឆ្នាំ ២០៣០ និង២០៣៣ ខាងមុខ ៕
ប្រភព ៖ militarnyi

Leave a Reply