លោក Trump បើកដៃឲ្យ ចិន និងឥណ្ឌា ចូលរកស៊ីប្រេងនៅ វ៉េណេស៊ុយអេឡា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបើកទូលាយ និងស្វាគមន៍ចំពោះការចូលមកវិនិយោគរបស់ប្រទេសចិន និងឥណ្ឌា នៅក្នុងឧស្សាហកម្មប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃទី១ ខែកុម្ភៈ, លោក ត្រាំ លើកឡើងថា អាមេរិកស្វាគមន៍ចិនដែលចង់មកបណ្តាក់ទុនរកស៊ី និងធ្វើកិច្ចព្រមព្រៀងប្រេងដ៏អស្ចារ្យនៅប្រទេសវ៉េណេស៊ុយអេឡា ។

លោកថា អាមេរិកក៏បាននឹងកំពុងធ្វើការជាមួយដៃគូឥណ្ឌាផងដែរ ទៅលើកិច្ចព្រមព្រៀងទិញប្រេងវេណេស៊ុយអេឡា ជំនួសឱ្យការទិញប្រេងពីអ៊ីរ៉ង់ ។

ការប្រកាសរបស់លោក ត្រាំ ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា បានចុះហត្ថលេខាលើការផ្លាស់ប្ដូរលនយោបាយប្រេងជាតិនិយមរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ ។

ជាមួយគ្នានោះ អាមេរិកក៏បានដាក់មហិច្ឆតានាំចូលប្រេងវេណេស៊ុយអេឡាឱ្យបានច្រើនបំផុតក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានចូលគ្រប់គ្រងការផ្គត់ផ្គង់ថាមពលរបស់វ៉េណេស៊ុយអេឡា និងបង្ខំឱ្យក្រុមហ៊ុនរកស៊ីប្រេងនានាវិនិយោគចំនួន ១០០ ពាន់លានដុល្លារ ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ប្រទេសឡើងវិញ ។

បើតាមសារព័ត៌មាន Aljazeera, វេណេស៊ុយអេឡា គឺជាប្រទេសមានប្រេងបម្រុងច្រើនជាងគេធំបំផុតនៅលើពិភពលោក ពោលប្រទេសអាមេរិកឡាទីនមួយមានរហូតដល់ ៣០៣ ពាន់លានបារ៉ែល ដែលច្រើនជាង ៥ ដង បើធៀបនឹងសហរដ្ឋអាមេរិក ដែលមានត្រឹមតែ ៥៥ ពាន់លានបារ៉ែលប៉ុណ្ណោះ ។

អតិថិជនប្រេងធំបំផុតរបស់វេណេស៊ុយអេឡា គឺប្រទេសចិន តាមពីក្រោយដោយសហរដ្ឋអាមេរិក ។ ចិនរ៉ាប់រងដល់ទៅ ៨០ ភាគរយនៃការនាំចេញប្រេងសរុបរបស់វេណេស៊ុយអេឡាក្នុងឆ្នាំ ២០២៥ ៕

ប្រភព ៖ The Straits Times និង Aljazeera