មេដឹកនាំអាមេរិក និងតៃវ៉ាន់ ប្រកាសសាទរការឈ្នះឆ្នោតសកលរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសអបអរសាទរដល់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បន្ទាប់ពីគណបក្សរបស់លោកស្រី បានទទួលជ័យជំនះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី៨ ខែកុម្ភៈ ។

ជាមួយគ្នានេះ ប្រធានាធិបតីកោះតៃវ៉ាន់ លោក Lai Ching-te ក៏បានចូលរួមអបអរសាទរដល់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi ផងដែរ ។ លោក Lai បានបង្ហោះសារលើបណ្តាញសង្គមថា រូបលោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកោះតៃវ៉ាន់ និងជប៉ុន នឹងនាំទៅរកវឌ្ឍនភាពនៃសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។

ថ្លែងបន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការ លោកស្រីនាយករដ្ឋមន្រ្តី Takaichi បានអះអាងជាថ្មីនូវទស្សនៈរបស់លោកស្រីថា លោកស្រីចង់កសាងសេដ្ឋកិច្ចប្រទេសជប៉ុនដ៏រឹងមាំមួយ ដែលមិនរងផលប៉ះពាល់ដោយសារតែការប្រែប្រួលនៃរូបិយប័ណ្ណឡើយ ។

សូមជម្រាបថា យោងតាមលទ្ធផលបោះឆ្នោតចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK, គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រី Takaichi បានឈ្នះអាសនៈ៣១៦ ក្នុងចំណោមអាសនៈរដ្ឋសភាសរុប ៤៦៥ ពោលគឺលើស ២៣៣អាសនៈដែលត្រូវការជាចាំបាច់ ដើម្បីសំលេងភាគច្រើន ។

ជាមួយឈ្នះអាសនៈ ៣១៦ បូករួមទាំងអាសនៈចំនួន ៣៦ របស់គណបក្សនុវានុវត្តន៍ជប៉ុន ឬ Ishin ជាដៃគូក្នុងក្រុមចម្រុះរបស់ LDP ពេលនេះគណបក្សរបស់លោកស្រី Takaichi មានអាសនៈលើសលុបដល់ទៅ ៣៥២ ។

ប្រការនេះ នឹងផ្ដល់ភាពងាយស្រួលដល់លោកស្រីនាយករដ្ឋមន្រ្តី ក្នុងការអនុម័តច្បាប់ និងជំរុញរបៀបវារៈនយោបាយរបស់លោកស្រី អំឡុងពេលកាន់អំណាច ៕

ប្រភព ៖ NHK


Comments

Leave a Reply

Your email address will not be published. Required fields are marked *