ឥណ្ឌា និងម៉ាឡេស៊ី ជំរុញទំនាក់ទំនង semiconductor អំឡុងទស្សនកិច្ចរបស់លោក ម៉ូឌី

គូឡា ឡាំពួ ៖ ឥណ្ឌា និងម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ បានសន្យាជំរុញទំនាក់ទំនង លើបច្ចេកវិទ្យា semiconductor កាន់តែស៊ីជម្រៅ អំឡុងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នៅទីក្រុងគូឡា ឡាំពួ។

លោក Modi បានទៅដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងរយៈពេលជាងមួយទសវត្សរ៍។ លោកបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន ជាមួយសមភាគីម៉ាឡេស៊ី លោក Anwar Ibrahim រួមទាំង កិច្ចព្រមព្រៀងស្តីពីថាមពលកកើតឡើងវិញ, ការថែទាំសុខភាព និងបញ្ញាសិប្បនិម្មិត។

លោក Modi បាននិយាយថា «រួមជាមួយនឹងបច្ចេកវិទ្យា AI និង ឌីជីថល យើងនឹងជំរុញភាពជាដៃគូរបស់យើង ក្នុងវិស័យ semiconductors»។

ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ទី៦ នៅក្នុងការនាំចេញផលិតផល semiconductors ទូទាំងពិភពលោក ខណៈដែលវិស័យនេះ បានរួមចំណែកប្រហែល ២៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុប នេះបើយោងតាមតួលេខ របស់រដ្ឋាភិបាលម៉ាឡេស៊ី។

ក្រសួងការបរទេស ឥណ្ឌា អះអាងថា ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ មានប្រព័ន្ធអេកូស៊ី semiconductor ល្អខ្លាំងណាស់។

មុនពេលដែលលោក Modi ទៅដល់ម៉ាឡេស៊ី ក្រសួងក៏បានចេញ នៅក្នុងសេចក្តីថ្លែងការណ៍ បញ្ជាក់ដែរថា ម៉ាឡេស៊ី មានបទពិសោធន៍ ប្រហែល ជិត ៣០ឆ្នាំ ទៅ ៤០ឆ្នាំ នៅក្នុងតំបន់ ហើយក្រុមហ៊ុនឥណ្ឌា មានចំណាប់អារម្មណ៍ ក្នុងការសហការ ជាមួយប្រទេសម៉ាឡេស៊ី រួមទាំង ការស្រាវជ្រាវ, ការអភិវឌ្ឍ និង ការសាងសង់រោងចក្រ ដើម្បីផលិត៕

ប្រភពពី AFP


Comments

Leave a Reply

Your email address will not be published. Required fields are marked *