ភ្នំពេញ៖”យុទ្ធនាការផលិតផលជាតិ #MadeInCambodia”ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មនឹងប្រព្រឹត្តទៅនៅផ្សារទំនើប ជីបម៉ុង២៧១ មេហ្គាម៉ល រាជធានីភ្នំពេញរយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យក្នុងសប្ដាហ៍នេះ។យុទ្ធនាការនេះ ស្របពេលចលនាពហិការទំនិញថៃមានប្រសិទ្ធភាព។
យុទ្ធនាការផលិតផលជាតិ នឹងប្រារព្ធរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ១៤-១៥ កុម្ភៈ ២០២៦ចាប់វេលាម៉ោង ៩ព្រឹក ដល់ ១០យប់នឹងមានការដាក់តាំងលក់ផលិតផលខ្មែរគ្រប់ប្រភេទ ដែលកំពុងមានប្រតិបត្តិការនៅលើទីផ្សារ ផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេស។អមព្រឹត្តិការណ៍នេះក៏មានចម្អិនម្អូបខ្មែរដោយប្រើប្រាស់គ្រឿងផ្សំដែលផលិតដោយសហគ្រាសក្នុងស្រុកផងដែរ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” រៀបចំឡើងដើម្បីចូលរួមលើកកម្ពស់ ផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលជាតិឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអតិថិជន និងអ្នកប្រើប្រាស់ ព្រមទាំងបើកឱកាសបន្ថែមទៀតជូនដល់សិប្បករ-ផលិតករក្នុងស្រុក អាចនាំយកទំនិញរបស់ខ្លួនដែលមានអនុលោមភាព និងចុះបញ្ជី “ច.ប.ផ.” ត្រឹមត្រូវ ក្នុងការបង្កើនការដាក់លក់នៅតាមបណ្តាផ្សារទំនើបនានាផងដែរ។
ជាការកត់សម្គាល់ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីភាគីថៃបានបង្កការឈ្លានពានលើដែនអធិបតេយ្យកម្ពុជា ចលនាជាតិគាំទ្រផលិតផលក្នុងស្រុកមានសន្ទុះយ៉ាងផុលផុសជាមួយនឹងពហិកាទំនិញថៃបាននិងកំពុងធ្វើឱ្យទំនិញថៃធ្លាក់ដល់បាតនៅកម្ពុជា៕
ដោយ៖មុនី

Leave a Reply