ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានចេញការទាមទារលក្ខខណ្ឌចំនួន ៤ចំណុចទៅឲ្យប្រទេសអ៊ីរ៉ង់ត្រូវតែអនុវត្តឱ្យខានតែបាន ប្រសិនបើចង់បញ្ចៀសការប្រឈមមុខដាក់គ្នាខាងយោធា ។
បើតាមសារព័ត៌មាន Newsweek, លក្ខខណ្ឌដំបូងបង្អស់ក្នុងចំណោមលក្ខខណ្ឌទាំង ៤ ដែលទាមទារដោយលោក Netanyahu គឺតម្រូវឲ្យអ៊ីរ៉ង់ត្រូវតែយកសារធាតុអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់ទាំងអស់ចេញពីប្រទេសរបស់ខ្លួន ។
លក្ខខណ្ឌទី ២ គឺអ៊ីរ៉ង់មិនអាចមានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅថ្ងៃអនាគតបន្តទៀតនោះទេ ខណៈលក្ខខណ្ឌទី៣ អ៊ីរ៉ង់ត្រូវតែដាក់ដែនកំណត់លើរយៈចម្ងាយមីស៊ីលផ្លោងបាលីស្ទិករបស់ខ្លួន ។
ចំណែកចំណុចចុងក្រោយ កងជីវពលតំណាងទាំងអស់របស់អ៊ីរ៉ង់នៅតំបន់មជ្ឈិមបូព៌ា ត្រូវតែរំសាយចោល ដោយសារតែអ៊ីស្រាអែលចាត់ទុកក្រុមប្រយុទ្ធតំណាងទាំងនោះថា ជា “អ័ក្សនៃភេរវកម្ម” ។
ការដាក់លក្ខខណ្ឌទាំងនេះកើតមានឡើង បន្ទាប់ពីនាវាខ្នាតយក្សរបស់សហរដ្ឋអាមេរិក អមដោយក្បួនយន្តហោះចម្បាំង បានរំកិលខ្លួនចូលកាន់តែកៀកឆ្នេរសមុទ្រអូម៉ង់ និងស្តិតនៅចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រប៉ុណ្ណោះពីប្រទេសអ៊ីរ៉ង់ ។
ជាមួយគ្នានេះ ការចល័តកម្លាំងទ័ពរបស់សហរដ្ឋអាមេរិកក៏ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន បន្តដាក់សម្ពាធលើអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងការបង្រ្កាបដ៏សាហាវទៅលើបាតុករ ។
យ៉ាងណា ក្រុមមន្ត្រីអាមេរិកនឹងចូលរួមកិច្ចពិភាក្សាការទូតដ៏ផុយស្រួយជាមួយអ៊ីរ៉ង់នៅប្រទេសស្វីសនៅថ្ងៃអង្គារនេះ ក្នុងគោលបំណងបង្កើតកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយកម្លាំងយោធា ៕
ប្រភព ៖ Newsweek និង AFP

Leave a Reply