ស៊ុយអែត ឱ្យពលរដ្ឋ ប្រញាប់ចាកចេញពីអ៊ីរ៉ង់

ប៊ុយដាប៉ែស ៖ រដ្ឋមន្ត្រីការបរទេស ស៊ុយអែត លោកស្រី Maria Malmer Stenergard បានជំរុញឱ្យពលរដ្ឋ ប្រទេសមួយនេះ ចាកចេញពីអ៊ីរ៉ង់ ចំពេលមានហានិភ័យ នៃការកើនឡើង នៅក្នុងតំបន់។

លោកស្រី Stenergard បានសរសេរ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃសុក្រ ថា «ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ និងក្នុងតំបន់ មានភាពមិនប្រាកដប្រជា ខ្លាំង។ ដូច្នេះ ខ្ញុំចង់បញ្ជាក់អំពីសារៈសំខាន់ នៃការណែនាំ របស់ក្រសួងការបរទេស ហាមការធ្វើដំណើរទាំងអស់ ទៅកាន់ប្រទេសអ៊ីរ៉ង់ និងការអំពាវនាវជាបន្ទាន់ ដល់ពលរដ្ឋ ស៊ុយអែត ដែលស្ថិតនៅក្នុងប្រទេសនេះ ឱ្យចាកចេញ»។

លោកស្រី សង្កត់ធ្ងន់ថា អាចចាកចេញពីប្រទេសអ៊ីរ៉ង់ តាមរយៈការធ្វើដំណើរ តាមផ្លូវអាកាស និងឆ្លងកាត់ព្រំដែន ឲ្យបានលឿន ទាន់អ្វីៗ នៅមានពេល។

លោកស្រី Stenergard បានបន្ថែមថា «ការទទួលខុសត្រូវផ្ទាល់ខ្លួនដ៏សំខាន់ គឺស្ថិតនៅលើបុគ្គលទាំងនោះ ដែលជ្រើសរើសស្នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់។ ក្រសួងការបរទេស នឹងមិនអាចជួយ ក្នុងការជម្លៀសចេញពីប្រទេសអ៊ីរ៉ង់បានទេ»។

បើតាម Anadolu, ការព្រមាននេះ បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃសុក្រថា លោកកំពុង “ពិចារណា” នូវការវាយប្រហារយោធា ដែលមានកម្រិតណាមួយ ដើម្បីដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ចូល ទៅក្នុងកិច្ចព្រមព្រៀងមួយ ដោយមិនបានផ្តល់ព័ត៌មានលម្អិត ខណៈដែលសហរដ្ឋអាមេរិក បាននិងកំពុងបង្កើន វត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់៕

ប្រភពពី Anadolu


Comments

Leave a Reply

Your email address will not be published. Required fields are marked *