ចក្រភពអង់គ្លេស ប្រកាសកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន នៅក្នុងខួប ៤ឆ្នាំនៃសង្គ្រាម

ចក្រភពអង់គ្លេស បានប្រកាសពីកញ្ចប់ជំនួយយោធា មនុស្សធម៌ និងការកសាងឡើងវិញសម្រាប់អ៊ុយក្រែន នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ នេះ ពោលគឺជាថ្ងៃគម្រប់ខួប ៤ឆ្នាំគត់ ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ី លើអ៊ុយក្រែន។

កញ្ចប់នេះបានបែងចែកថវិកាថ្មីចំនួន ២០លានផោន (ឬ ២៧លានដុល្លារអាមេរិក) សម្រាប់ការគាំទ្របន្ទាន់ផ្នែកថាមពល ដែលមានគោលបំណងការពារ និងស្តារបណ្តាញអគ្គិសនីរបស់អ៊ុយក្រែនឡើងវិញ ក៏ដូចជាបង្កើនសមត្ថភាពផលិតផងដែរ។ ជាមួយនឹងការចូលរួមចំណែកចុងក្រោយនេះ ការគាំទ្រសរុបរបស់ចក្រភពអង់គ្លេសសម្រាប់វិស័យថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមក មានចំនួនលើសពី ៤៩០ លានផោន (ឬ ៦៦២ លានដុល្លារអាមេរិក)។

លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រកាសថា «នៅខួបដ៏សោកសៅនេះ សាររបស់ចក្រភពអង់គ្លេស ទៅកាន់ប្រជាជនអ៊ុយក្រែនគឺសាមញ្ញណាស់ថា៖ អង់គ្លេសឈរនៅជាមួយអ៊ុយក្រែន កាន់តែខ្លាំងក្លាជាងពេលណាៗទាំងអស់។ នោះហើយជាមូលហេតុដែលអង់គ្លេសកំពុងប្រកាសពីការគាំទ្រថ្មីនៅថ្ងៃនេះ ហើយអង់គ្លេសនឹងបន្តគាំទ្រអ៊ុយក្រែន ឱ្យបានយូរតាមដែលអាចធ្វើទៅបាន»។

គួរឱ្យដឹងថា ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ គឺខួបលើកទីបួននៃសង្រ្គាមរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលបានផ្ទុះឡើងដំបូងនៅឆ្នាំ២០២២។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអង់គ្លេស BBC ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានចោទប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថាកំពុងតែចាប់ផ្តើមសង្គ្រាមលោកលើកទីបី៕