អ៊ីរ៉ង់ ថា នឹងកាន់តែរឹងមាំ អស់ពីលោក Khamenei ទៅ

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និយាយ កាលពីថ្ងៃចន្ទ ថា សាធារណរដ្ឋអ៊ីស្លាម នឹងកាន់តែរឹងមាំ បន្ទាប់ពីការសម្លាប់លោក Khamenei។

រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi រៀបរាប់ថា «ទង់ជាតិ នៃនិកាយ Shiism ដែលស្ថិតនៅក្នុងដៃរបស់មេដឹកនាំកំពូល… នឹងទៅដល់ដៃអ្នកផ្សេង ហើយស៊ូទ្រាំ»។

ជាការលើកឡើង បន្ទាប់ពី លោក Ayatollah Ali Khamenei អតីតមេដឹកនាំកំពូល របស់អ៊ីរ៉ង់ ទើបត្រូវបានសម្លាប់ នៅក្នុងការវាយលុក របស់អាមេរិក-អ៊ីស្រាអែល លើសាធារណរដ្ឋអ៊ីស្លាម កាលពីចុងសប្តាហ៍។

ក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍រដ្ឋ នាពេលនោះដែរ លោក Abbas Araghchi បានបន្ថែមទៀតថា «ខ្មាំងសត្រូវ នឹងដួលរលំ»។

យ៉ាងណា ការលើកឡើងនេះ ចំពេលដែល រោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅទីក្រុង Natanz រដ្ឋ Isfahan ត្រូវបានបំផ្លាញជាថ្មី បន្ទាប់ពី ត្រូវបានវាយប្រហារយ៉ាងចាស់ដៃ កាលពីខែមិថុនា ឆ្នាំមុន៕

ប្រភពពី AFP