និយតករហិរញ្ញវត្ថុកោះតៃវ៉ាន់ថា ខ្លួនបានត្រៀមជាស្រេចសម្រាប់លទ្ធផលបោះឆ្នោតអាមេរិក

និយតករហិរញ្ញវត្ថុជាន់ខ្ពស់របស់កោះតៃវ៉ាន់បាននិយាយថា ទីភ្នាក់ងាររបស់ខ្លួនមានផែនការឆ្លើយតបបន្ទាន់សម្រាប់លទ្ធផលដែលអាចកើតឡើងណាមួយនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក មិនថាលោក ដូណាល់ ត្រាំ (Donald Trump) ឬលោកស្រី កាម៉ាឡា ហារីស (Kamala Harris ) ជាអ្នកឈ្នះឆ្នោតនោះទេ។

លោក ជីនលុង ផឹង (Jin-lung Peng) ប្រធានគណៈកម្មការត្រួតពិនិត្យហិរញ្ញវត្ថុតៃវ៉ាន់ (FSC) បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយនៅថ្ងៃពុធ (៣១ កក្កដា) នេះថា «យើងពិតជាមានផែនការត្រៀមទុកជាស្រេច» ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតលើផែនការនោះទេ។ លោកបានបន្ថែមថា «នៅពេលណាដែលយើងកំណត់យុទ្ធសាស្ត្រ យើងត្រូវពិចារណាពីហានិភ័យភូមិសាស្ត្រនយោបាយអន្តរជាតិ និងនយោបាយក្នុងស្រុក»។

ចំណាត់ការនេះកើតឡើងបន្ទាប់ពីលោក Trump កាលពីថ្ងៃទី១៧ ខែកក្កដាបាននិយាយថា តៃវ៉ាន់គួរតែបង់ថ្លៃការពារជាតិឱ្យសហរដ្ឋអាមេរិក ដោយនោះជាការលើកឡើងដែលបានធ្វើឱ្យមានការរង្គោះរង្គើទូទាំងកោះ និងបានគូសបញ្ជាក់អំពីហានិភ័យនៃការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខសម្រាប់សម្ព័ន្ធមិត្ត និងដៃគូរបស់ទីក្រុងវ៉ាស៊ីនតោននៅអាស៊ីមួយនេះ។

ភាគហ៊ុនរបស់ក្រុមហ៊ុនតៃវ៉ាន់ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោកតាមរយៈការលក់ បានធ្លាក់ចុះ ២,៤ភាគរយក្នុងពេកនោះ បន្ទាប់ពីការលើកឡើងរបស់បេក្ខភាពមកពីគណបក្សសាធារណរដ្ឋរូបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ប្លូមប៊ឺក (Bloomberg)៕