អ៊ុយក្រែន ប្រឈមកង្វះមីស៊ីលការពារដែនអាកាសទប់ទល់ រុស្ស៊ី

កៀវ ៖ អ៊ុយក្រែន កំពុងប្រឈមមុខនឹងការចុះខ្សោយការការពារដែនអាកាស ក្នុងគ្រាដែលសង្គ្រាមដឹកនាំដោយអាមេរិកជាមួយអ៊ីរ៉ង់ កំពុងបំផ្លាញឃ្លាំងស្តុកមីស៊ីលសម្រាប់ប្រព័ន្ធ Patriot នៅទូទាំងពិភពលោក ។

ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot របស់អាមេរិក គឺជាអាវុធដ៏មានតម្លៃបំផុត និងមានសារៈសំខាន់ខ្លាំង ដែលអ៊ុយក្រែនមាននៅក្នុងឃ្លាំងសព្វាវុធរបស់ខ្លួន ដើម្បីការពារដែនអាកាស និងប្រឆាំងរាល់ការវាយប្រហារដោយមីស៊ីលឥតឈប់ឈររបស់រុស្ស៊ី អំឡុងសង្គ្រាមអូសបន្លាយជាង ៤ឆ្នាំកន្លងមកនេះ ។

យោងតាមការវិភាគរបស់ Bloomberg, អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងបាលិស្ទីគយ៉ាងហោចណាស់ ៦៨៨គ្រាប់ និងប្រើប្រាស់យន្តហោះដ្រូនអត្តឃាតច្រើនជាង ២,១០០គ្រឿង វាយលុកទីតាំងនានារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់តាំងពីភ្លើងសង្គ្រាមបានឆាបឆេះឡើងទូទាំងតំបន់មជ្ឈិមបូព៌ា នៅថ្ងៃទី២៨ ខែកុម្ភៈ ។

ដើម្បីអាចទប់ទល់នឹងការវាយប្រហាររបស់អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបង្ខំចិត្តបាញ់មីស៊ីលចេញពីប្រព័ន្ធខែលការពារដែនអាកាស Patriot ជាង ១,០០០គ្រាប់ ដោយមួយគ្រាប់មានតម្លៃចន្លោះពី ៣ ទៅ ១០លានដុល្លារ ជាហេតុធ្វើឱ្យមានការព្រួយបារម្ភ ចំពោះការផ្គត់ផ្គង់មីស៊ីលដល់ប្រព័ន្ធ Patriot នៅទូទាំងពិភពលោក ។

បើតាមប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី, ទីក្រុងកៀវបានទទួលមីស៊ីលសម្រាប់ប្រព័ន្ធ Patriot សរុបចំនួន ៦០០គ្រាប់ប៉ុណ្ណោះ ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានប្រទេសរបស់លោកកាលពី ៤ឆ្នាំមុន ពោលគឺតិចជាងចំនួនមីស៊ីល ដែលបានបាញ់ក្នុងអំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ក្នុងរយៈពេល ១១ថ្ងៃចុងក្រោយនេះ ។

ចំពោះប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot អ៊ុយក្រែនទុកប្រើប្រាស់តែដើម្បីទប់ទល់មីស៊ីលផ្លោងបាលីស្ទិក និងមីស៊ីលទំនើបៗមានល្បឿនលឿនជាងសំលេង ដូចជាមីស៊ីល Kinzhals និង Zircon ជាប្រភេទមីស៊ីលដ៏សាហាវ ដែលរុស្ស៊ីបានអះអាងថា គ្មានអាវុធអ្វីអាចស្ទាក់ចាប់បានឡើយ ៕

ប្រភព ៖ The Straits Times