មន្ត្រីអាមេរិកម្នាក់ និងមនុស្សបីនាក់ដែលដឹងបញ្ហាបនេះ បានឲ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងពិចារណាដាក់ពង្រាយកងទ័ពអាមេរិករាប់ពាន់នាក់ ដើម្បីពង្រឹងប្រតិបត្តិការរបស់ខ្លួននៅមជ្ឈិមបូព៌ា ខណៈយោធាអាមេរិក កំពុងរៀបចំសម្រាប់ជំហានបន្ទាប់ដែលអាចធ្វើទៅបាននៅក្នុងយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ។
ការដាក់ពង្រាយនេះអាចជួយផ្តល់ឱ្យលោកTrump នូវជម្រើសបន្ថែម ខណៈលោកកំពុងពិចារណាពង្រីកប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ស្របពេលសង្គ្រាមអ៊ីរ៉ង់បានចូលដល់សប្តាហ៍ទីបីរួចទៅហើយ។
ប្រភពចំនួនបួន រួមទាំងមន្ត្រីអាមេរិកពីររូប បានឲ្យដឹងថា ជម្រើសទាំងនោះរួមមានការធានាសុវត្ថិភាពសម្រាប់នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ (Hormuz) ជាបេសកកម្មមួយដែលនឹងត្រូវសម្រេចជាចម្បងតាមរយៈកងកម្លាំងអាកាស និងកងទ័ពជើងទឹក។ ប៉ុន្តែការធានាសុវត្ថិភាពច្រកសមុទ្រក៏អាចមានន័យថាការដាក់ពង្រាយកងទ័ពអាមេរិកទៅកាន់ឆ្នេរសមុទ្រអ៊ីរ៉ង់ផងដែរ ។
មនុស្សបីនាក់ដែលបានដឹងបញ្ហានេះ និងក្រុមមន្ត្រីអាមេរិកបីនាក់ទៀត បាននិយាយថារដ្ឋបាលលោកTrump ក៏បានពិភាក្សាអំពីជម្រើសក្នុងការបញ្ជូនកងកម្លាំងជើងគោកទៅកាន់កោះ Kharg របស់អ៊ីរ៉ង់ ដែលជាមជ្ឈមណ្ឌលសម្រាប់ការនាំចេញប្រេង៩០% របស់អ៊ីរ៉ង់ ផងដែរ។ ប្រតិបត្តិការបែបនេះនឹងមានហានិភ័យខ្ពស់។ អ៊ីរ៉ង់មានសមត្ថភាពទៅដល់កោះនេះដោយមីស៊ីល និងយានដ្រូន។
ការប្រើប្រាស់កងទ័ពជើងគោករបស់សហរដ្ឋអាមេរិកណាមួយ សូម្បីតែសម្រាប់បេសកកម្មមានកំណត់ក៏ដោយ ក៏អាចបង្កហានិភ័យនយោបាយយ៉ាងធ្ងន់ធ្ងរសម្រាប់លោក Trump ផងដែរដោយសារតែការគាំទ្រតិចតួចក្នុងចំណោមសាធារណជនអាមេរិកចំពោះយុទ្ធនាការលើអ៊ីរ៉ង់ ៕

Leave a Reply