រដ្ឋមន្ត្រីសុខាភិបាលអំពាវនាវអាជ្ញាធរជួយការពារសន្តិសុខជូនមន្រ្តីសុខាភិបាលនៅតំបន់ដាច់ស្រយាល ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ សូមជួយថែរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋក៏ដូចជាមន្រ្តីសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលបម្រើការងារ២៤ម៉ោង លើ ២៤ម៉ោងនៅតំបន់ឆ្ងាយពីទីប្រជុំជនដើម្បីលើកទឹកចិត្តឱ្យពួកគាត់ផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធភាព និងសមធម៌។ នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែបកាលពីថ្ងៃទី០១សីហា ឯ.ឧ រដ្ឋមន្ត្រីបានណែនាំថ្នាក់ដឹកនាំសុខាភិបាលនៃរដ្ឋបាលខេត្តត្រូវបង្កើនសមត្ថភាពជំនាញ តម្រូវការបណ្តុះបណ្តាលបន្ត ការពិនិត្យអាទិភាពលើសេវាសង្គ្រោះបន្ទាន់ សេវាវះកាត់ និងបន្ថែមលើសពីនេះការខិតខំថែរក្សាធនធានមនុស្ស៕