លោក Bessent និយាយថា សហរដ្ឋអាមេរិកមានថវិកា «យ៉ាងច្រើន» សម្រាប់ធ្វើសង្គ្រាមនៅអ៊ីរ៉ង់

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយកាលពីថ្ងៃអាទិត្យ (២២ មីនា) ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមាន «ថវិកាយ៉ាងច្រើន» ដើម្បីផ្តល់មូលនិធិដល់សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែលោកកំពុងស្នើកញ្ចប់ថវិកាបន្ថែមពីសភាដើម្បីធានាថា វិស័យយោធាត្រូវបានផ្គត់ផ្គង់យ៉ាងល្អសម្រាប់ពេលអនាគត។

នៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ NBC លោក Bessent ក៏បានច្រានចោលថា ពុំមានផែនការដំឡើងពន្ធក្នុងស្រុកណាមួយដើម្បីយកមកបង្គ្រប់មូលនិធិសង្គ្រាមនោះឡើយ។ ការអត្ថាធិប្បាយនេះ កើតឡើងបន្ទាប់ពីមានរបាយការណ៍ថា យោធាអាមេរិកកំពុងស្នើថវិកាបន្ថែមចំនួន ២០០ពាន់លានដុល្លារ សម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់ ហើយសំណើនេះកំពុងប្រឈមនឹងការជំទាស់យ៉ាងខ្លាំងនៅក្នុងសភា។ សមាជិកបក្សប្រជាធិបតេយ្យ និងសូម្បីតែសមាជិកបក្សសាធារណរដ្ឋមួយចំនួន ក៏បានចោទសួរអំពីតម្រូវការនេះ បន្ទាប់ពីមានការបែងចែកកញ្ចប់ថវិកាការពារជាតិដ៏ច្រើនរួចទៅហើយកាលពីឆ្នាំមុន។

លោក Bessent មិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ពិតប្រាកដនោះទេ ប៉ុន្តែលោកបានថ្លែងការពារសំណើនេះថា៖ «អាមេរិកមានថវិកាច្រើនណាស់ដើម្បីផ្តល់មូលនិធិដល់សង្គ្រាម ហើយសំណើនេះគ្រាន់តែជាកញ្ចប់ថវិកាបន្ថែមប៉ុណ្ណោះ។ លោកប្រធានាធិបតី Donald Trump បានកសាងកម្លាំងយោធា ដូចដែលលោកធ្លាប់បានធ្វើក្នុងអាណត្តិដំបូង និងដូចដែលលោកកំពុងធ្វើក្នុងអាណត្តិទីពីរនេះដែរ ហើយលោកចង់ធានាថា យោធានឹងត្រូវបានផ្គត់ផ្គង់យ៉ាងពេញលេញសម្រាប់ពេលខាងមុខ»។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បាននិយាយកាលពីសប្តាហ៍មុនថា ថវិកាបន្ថែមនេះគឺចាំបាច់ «ដើម្បីធានាថា យោធាទទួលបានមូលនិធិត្រឹមត្រូវសម្រាប់អ្វីដែលបានធ្វើរួចរាល់ និងសម្រាប់អ្វីដែលប្រហែលជាត្រូវធ្វើក្នុងពេលអនាគត»។ គួរឱ្យដឹងថា លោក Trump មិនទាន់បានផ្ញើសំណើទៅកាន់ព្រឹទ្ធសភា និងរដ្ឋសភាដើម្បីអនុម័តទឹកប្រាក់នេះនៅឡើយទេ ហើយរដ្ឋបាលរបស់លោកបានបញ្ជាក់យ៉ាងច្បាស់ថា ចំនួនទឹកប្រាក់នេះអាចនឹងមានការផ្លាស់ប្តូរ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *