ឆ្នាំ២០២៥ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់ជាង២០លានម៉ែត្រគូប ខណៈដើមឆ្នាំ២០២៦ ទប់ស្កាត់បានជាង៦លានម៉ែត្រ​គូប

ភ្នំពេញ៖ គិតចាប់ពីខែមករាដល់ខែមីនាឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបាន​ជួយទប់ស្កាត់ទឹកកខ្វក់ចំនួនជាង ៦,៣លានម៉ែត្រគូប មិនឱ្យហូរចូលក្នុង​ប្រភពទឹកធម្មជាតិ ខណៈពេញមួយឆ្នាំ២០២៥ កន្លងទៅទប់ស្កាត់បានជា​២០លានម៉ែត្រគូប។

ក្រសួងបរិស្ថានបានឱ្យដឹងថ្ងៃពុធទី១ ខែមេសា ថាក្នុងឆ្នាំ២០២៥កន្លងទៅ ក្រសួង​បានធ្វើការទប់ស្កាត់​ទឹកកខ្វក់មិនឱ្យ​មានការបំពុល​តំបន់ទឹក​សាធារណៈ ឬតំបន់ទឹកស្អាតនៅក្នុងប្រទេសបានជាង២០លានម៉ែត្រគូប។ដោយឡែកត្រីមាសទី១​ឆ្នាំ២០២៦​ទប់ស្កាត់ទឹកកខ្វក់ជាង៦,៣លានម៉ែត្រ​គូប ។

ទឹកកខ្វក់ត្រូវបានអ្នកជំនាញអះអាងថា ប៉ះពាល់ដល់សុខភាព និងការរស់​នៅរបស់ប្រជាពលរដ្ឋប្រសិនជាពុំមានការទប់ស្កាត់ទេ។

ដោយឡែកបើគិតត្រឹមខែមីនាកន្លងទៅថ្មីៗនេះ រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន៥៧កន្លែង បានបំពាក់ឧបករណ៍ស្វ័យ​ត្រួតពិនិត្យ​គុណភាព​ទឹកក្នុងចំណោមរោងចក្រ សហគ្រាស និងក្រុមហ៊ុនចុះកិច្ច​សន្យាដំឡើងឧបករណ៍ស្វ័យត្រួតពិនិត្យចំនួន ៦៨ ទីតាំង។

ក្រសួងបរិស្ថានបញ្ជាក់ថា ដើម្បីធានាបាននូវសុខភាពសាធារណៈ និងនិរន្តរភាពជីវៈចម្រុះ រោងចក្រ និងសហគ្រាសដែលមាន​ហានិ​ភ័យ​ខ្ពស់ត្រូវបានតម្រូវឱ្យបំពាក់ឧបករណ៍តាមដានការបញ្ចេញសំណល់រាវ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ​ដើម្បីបញ្ជូនព័ត៌មាន​មក​ក្រសួង​ដោយផ្ទាល់។

ក្រសួងបានកំពុងជំរុញដល់រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចូលរួមចំណែកប្រតិបត្តិមេត្រីបរិស្ថាន ជាពិសេសជួយ​ទប់​ស្កាត់ការបំពុលបរិស្ថាន បញ្ហាបរិស្ថានសុខភាពអនាម័យនិងចូលរួម​អភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយភាពរុងរឿង ប្រែក្លាយទៅ​ជាប្រទេសមានបរិស្ថានស្អាត ក្នុងទឹកស្អាតលើដីនិងស្អាត ក្នុងខ្យល់ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

ដោយ៖ម៉ាដេប៉ូ